(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានសម្តែងការសាទរចំពោះសេចក្តីប្រកាសនាថ្ងៃចន្ទនេះ របស់កូរ៉េខាងត្បូង ស្តីពីផែនការផ្តល់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានជប៉ុនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ កាលពីសម័យអាណានិគម ស្របពេលដែលទីក្រុងសេអ៊ូល កំពុងព្យាយាមពង្រឹងចំណងទាក់ទងជាមួយទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

លោក ប្លីនខិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កូរ៉េខាងត្បូងនិងជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៉ីនតោន មានការកោតស្ញប់ស្ញែងជាខ្លាំងចំពោះកិច្ចប្រឹងប្រែង ដែលប្រទេសទាំងពីរបានធ្វើដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ លោកប្រមុខការទូតអាមេរិក បានបន្តថា ទំនាក់ទំនងត្រីភាគីរវាងទីក្រុងវ៉ាស៉ីនតោន-សេអ៊ូល-តូក្យូ មានសារសំខាន់ជាខ្លាំងចំពោះចក្ខុវិស័យរួម នៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។

សេចក្តីប្រកាសរបស់ទីក្រុងសេអ៊ូលកើតមានឡើង ស្របពេលដែលកូរ៉េខាងត្បូងនិងជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ នៅចំពោះមុខការ​កើនឡើង នៃការគំរាមកំហែងពីសំណាក់កូរ៉េខាងត្បូង។ ទំនាក់ទំនងទ្វេភាគីនៃសម្ព័ន្ធមិត្តដ៏សំខាន់ទាំងពីររបស់អាមេរិក គឺមានភាពល្អក់កករនឹងគ្នាជាយូរមកហើយ ពាក់ព័ន្ធបញ្ហាកាលពីសម័យអាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េ ចន្លោះឆ្នាំ១៩១០-១៩៤៥។ យោងតាមទិន្នន័យរបស់ទីក្រុងសេអ៊ូល ជនជាតិកូរ៉េខាងត្បូងខ្ទង់៧៨០,០០០នាក់ ត្រូវបានជប៉ុនចាប់បង្ខំប្រើកម្លាំងពលកម្ម អំលុងការត្រួតត្រារយៈពេល​៣៥ឆ្នាំនោះ ដោយមិនទាន់រាប់បញ្ចូលស្រ្តីកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យបម្រើជាទាសករផ្លូវភេទ ដោយកងទ័ពជប៉ុនឡើយ។

គួរបញ្ជាក់ថា នៅក្រោមផែនការខាងលើរបស់ទីក្រុងសេអ៊ូល មូលនិធិមួយនឹងត្រូវបង្កើតឡើង ដោយប្រមូលយកថវិកាពីបណ្តាក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដែលទទួលបានអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងប៉ះប៉ូវជំងឺចិត្តកាលពីឆ្នាំ១៩៦៥ ជាមួយទីក្រុងតូក្យូ រួចប្រើមូលនិធិនោះដើម្បីផ្តល់សំណងដល់ជនរងគ្រោះ។ ទោះជាយ៉ាងណា បក្សប្រឆាំងក៏ដូចជាជនរងគ្រោះកូរ៉េខាងត្បូងផ្ទាល់ បានរិះគន់ផែនការនេះ ដោយសារវាមិនដូចតាមការទាមទាររបស់ពួកគេ ដែលចង់ឱ្យមាន​ការសុំទោសពេញលេញពីទីក្រុងតូក្យូ និងការផ្តល់សំណងដោយផ្ទាល់ពីសំណាក់បណ្តាក្រុមហ៊ុនជប៉ុន ដែលជាប់ព័ន្ធនឹងការប្រើកម្លាំងពលកម្មដោយបង្ខំ៕