(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូឆេង (Chiu Kuo-cheng) នៅថ្ងៃចន្ទនេះបានព្រមានថា កោះតៃវ៉ាន់ត្រូវតែបង្កើនការប្រុងប្រយ័ត្នក្នុងឆ្នាំនេះ ចំពោះលទ្ធភាពនៃការធ្វើសកម្មភាពភ្លាមៗរបស់យោធាចិន ចូលមកក្នុងតំបន់ដែលកាន់តែកៀកនឹងទឹកដីរបស់ខ្លួន ខណៈដែលភាពតានតឹងនៅតែបន្តកើន​ឡើង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពរបស់យោធាខ្លួននៅជុំវិញតៃវ៉ាន់ ដោយរួមមានទាំងការបញ្ជូនយន្តហោះយោធា សឹងតែជារៀងរាល់ថ្ងៃ ចូលមកកាន់តំបន់កំណត់អត្តសញ្ញាណសម្រាប់ការពារដែនអាកាស ដែលហៅថា ADIZ របស់កោះតៃវ៉ាន់។ យ៉ាងណាមិញ តៃវ៉ាន់ពុំទាន់បានរាយការណ៍អំពី ឧប្បត្តិហេតុណាមួយស្តីពីកងកម្លាំងយោធាចិនចូលមកក្នុងតំបន់សមុទ្រតភ្ជាប់ ដែលលាតសន្ធឹងចម្ងាយ៤៤.៤គីឡូម៉ែត្រ ពីបណ្តោយឆ្នេររបស់ខ្លួននៅឡើយ​ទេ។

ទោះជាបែបនេះក្តី លោក ឈូ បាននិយាយថា នៅក្នុងឆ្នាំនេះ យោធាចិនទំនងជាអាចនឹងរកលេស ដើម្បីធ្វើសកម្មភាពចូលមកតំបន់កាន់តែកៀកទៅនឹងដែនសមុទ្រ​ក៏ដូចជាដែនអាកាសរបស់តៃវ៉ាន់ថែមទៀត ខណៈកោះនេះកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែស៉ីជម្រៅ។ បើតាមលោក ឈូ យោធាចិនអាចនឹងធ្វើសកម្មភាពភ្លាមៗចូលក្នុងតំបន់សមុទ្រតភ្ជាប់របស់តៃវ៉ាន់ ហើយខិតមករឹតតែកៀកនឹងដែនទឹករបស់តៃវ៉ាន់ ដែលមានចម្ងាយ២២.២២គីឡូម៉ែត្រ​ពីបណ្តោយឆ្នេរ។ តៃវ៉ាន់ធ្លាប់បានប្តេជ្ញាប្រើសិទ្ធិការពារខ្លួននិងវាយបកតបតទៅវិញ ប្រសិនកងកម្លាំងប្រដាប់អាវុធចិន ចូលក្នុងទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន ហើយមិនដែលប្រកាសបោះបង់ចោលជម្រើស នៃការប្រើប្រាស់​កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ឡើយ៕