(អាម៉ាន់)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានទៅដល់ប្រទេសហ៊្សកដានី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីចាប់ផ្តើម​ដំណើរបំពេញទស្សនកិច្ចមួយនៅតំបន់មជ្ឈិមបូព៌ា ដែលក៏នឹងនាំរូបលោកទៅកាន់ប្រទេសអេហ្ស៉ីបព្រមទាំងអ៉ីស្រាអែលផងដែរ ក្នុងគោលបំណងបង្ហាញការគាំទ្រ​ចំពោះសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់នេះ ប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

មុនពេលចាកចេញពីអាមេរិក លោក អូស្ទីន បានបង្ហោះសារលើប្រព័ន្ធ Twitter ថា លោកនឹងជួបជាមួយមេដឹកនាំសំខាន់ៗ ហើយគូសបញ្ជាក់ឡើងវិញនូវ​ការប្តេជ្ញារបស់អាមេរិកចំពោះស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាជំរុញទៅមុខនូវផលប្រយោជន៍រួម របស់សម្ព័ន្ធមិត្តនិងដៃគូរបស់ទីក្រុងវ៉ាស៉ីនតោន។ បើតាមលោក អូស្ទីន ផ្ទាល់ កិច្ចពិភាក្សានៃដំណើរទស្សនកិច្ចនេះនឹងផ្តោតជាចម្បងទៅលើ ការកើនឡើងនៃការគំរាមកំហែង ដែលបង្កឡើងដោយអ៉ីរ៉ង់ចំពោះស្ថិរភាព​​ក្នុងតំបន់ ព្រមទាំងទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគី តាមរយៈប្រព័ន្ធការពារមីស៉ីលនិងដែនអាកាស ដែលមានលក្ខណៈរួមគ្នា។

មន្រ្តីយោធាជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការគំរាមកំហែងរបស់អ៉ីរ៉ង់ រួមមានដូចជាការបំពាក់អាវុធ ការបណ្តុះបណ្តាល និងការផ្តល់មូលនិធិរបស់​ទីក្រុងតេហេរ៉ង់ ដល់ក្រុមបង្កអំពើហិង្សាដែលជាកូនអុករបស់ខ្លួន, ការបង្កហេតុនៅដែនសមុទ្រ, ការវាយលុកតាមបណ្តាញព័ត៌មានវិទ្យា, កម្មវិធីមីស៉ីលបាលិស្ទីគ ហើយនិងការវាយប្រហារដោយយន្តហោះដ្រូន ជាដើម។ ដោយឡែក ពេលទៅដល់ប្រទេសអ៉ីស្រាអែល លោក អូស្ទីន ត្រូវបានរំពឹងថា នឹងលើកឡើងអំពីក្តីកង្វល់របស់លោក ជុំវិញការកើនឡើងនៃអំពើហិង្សានៅតំបន់វេសប៊ែង (West Bank)។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ គឺជាការបំពេញទស្សនកិច្ចការទូតលើកទី២ហើយ របស់លោក ឡយ អូស្ទីន នៅតំបន់មជ្ឈិមបូព៌ា ក្នុងនាមជា​រដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិក៕