(ដាម៉ាស)៖ ក្រសួងការបរទេសស៉ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានថ្កោលទោសការបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយរបស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក ទៅកាន់មូលដ្ឋានទ័ព ក្នុងតំបន់គ្រប់គ្រងដោយកងជីវពលឃើដស្ថិតនៅភាគឦសាននៃប្រទេស ដោយចាត់ទុកថានេះជាទង្វើខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍កន្លងទៅ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley បានចុះសួរសុខទុកកងទ័ពអាមេរិកដែលកំពុងឈរជើងក្នុង តំបន់គ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៉ីរី ដឹកនាំដោយកងជីវពលឃើដ។ ប៉ុន្តែ ដំណើរទស្សនកិច្ចនេះរងការថ្កោលទោសពីសំណាក់រដ្ឋាភិបាលទីក្រុងដាម៉ាស់ ដោយមន្ត្រីម្នាក់ មកពីក្រសួងការបរទេសស៉ីរី បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Mark Milley ជាទង្វើខុសច្បាប់។ មន្ត្រីស៉ីរីរូបនេះបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA ដូច្នេះថា «ស៉ីរីថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចខុសច្បាប់របស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក ទៅកាន់មូលដ្ឋានទ័ពខុសច្បាប់របស់អាមេរិក នៅក្នុងតំបន់ភាគឦសាន នៃប្រទេសស៉ីរី»។ មន្ត្រីរូបនេះដដែលបន្ថែមថាដំណើរទស្សនកិច្ចរបស់លោក Mark Milley បានបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីស៉ីរី។

គួរបញ្ជាក់ថា កងទ័ពអាមេរិកប្រហែលជា ៩០០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងឈរជើងនៅតាមមូលដ្ឋានមួយចំនួនដែលគ្រប់គ្រងដោយកងជីវពលឃើដ ជាពិសេសនៅក្នុងតំបន់ ភាគឦសាននៃប្រទេសស៉ីរី នៅក្រោមក្របខណ្ឌនៃប្រតិបត្តិការកម្ចាត់ពួក ISIS ដែលនៅសេសសល់៕