(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ប្រហែលជាខិតកាន់តែជិតទៅដល់ការដោះស្រាយជម្លោះលើការប្រើកម្លាំងពលកម្មដោយបង្ខំក្នុងសម័យអាណានិគម ជាបញ្ហាដែលបាន គ្របដណ្ដប់លើទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពពីមន្រ្តីទូតដែលមិនបញ្ចេញឈ្មោះ សារព័ត៌មានក្យូដូរបស់ជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងប្រកាសពីដំណោះស្រាយផ្លូវច្បាប់ និងជម្លោះ ប្រវត្តិសាស្ត្រ នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ជុំវិញការផ្តល់សំណងដល់មនុស្សដែលត្រូវបានបង្ខំឲ្យធ្វើការកំលុងពេលស្ថិតក្រោមអាណានិគមជប៉ុនលើកូរ៉េ ចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

នៅពេលត្រូវបានសាកសួរពីបញ្ហានេះដែរ ខាងក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលកំពុងបន្តពិគ្រោះយោបល់តាមមធ្យោបាយផ្សេងៗ រវាងអាជ្ញាធរការទូតគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅរកដំណោះស្រាយសមហេតុផល ដែលបម្រើដល់ផលប្រយោជន៍រួម និងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យ៉ាងនេះក្តី ខុទ្ទកាល័យនៃគណរដ្ឋមន្រ្តី ក៏ដូចជាក្រសួងការបរទេសជប៉ុន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការធ្វើអត្ថាធិប្បាយ លើសេចក្តីរាយការណ៍នេះទេ។

គួរបញ្ជាក់ថា បញ្ហាប្រវត្តិសាស្ត្រ ក្នុងនោះរួមមានទាំងបង្ខំឱ្យប្រជាជនកូរ៉េ ធ្វើការទាំងបង្ខំ និងរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលត្រូវបានបង្ខំឲ្យបម្រើការនៅផ្ទះបនយោធាជប៉ុន កាលពីអតីតកាល បានធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកទាំងពីរនេះ អស់ជាច្រើនឆ្នាំមកនេះ។ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន បានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្រោយពេលដែលតុលាការកំពូលកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៨ បានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនបង់ប្រាក់សំណងដល់អតីតកម្មករដែលត្រូវបានគេបង្ខំឱ្យធ្វើការ។ ពលរដ្ឋកូរ៉េខាងត្បូងចំនួន ១៥នាក់ បានឈ្នះក្តីនេះ ប៉ុន្តែគ្មាននរណាម្នាក់ទទួលបានសំណងនោះទេ៕