(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានព្រមានពីផលវិបាក ប្រសិនបើចិនបញ្ជូនអាវុធឱ្យរុស្ស៉ី​ ប៉ុន្តែលោកនៅតែមានសុទុដ្ឋិនិយមថាទីក្រុងប៉េកាំង នឹងមិនធ្វើដូច្នេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះរបស់លោក សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសា្ថនីយទូរទស្សន៍ CNN​ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅ វ៉ាស៊ីនតោន) និង២ថ្ងៃបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន ក្នុងទីក្រុងវ៉ាស៊ីនតោន។ នៅពេលត្រូវបានសាកសួរថាតើអាល្លឺម៉ង់ អាចនឹងដាក់ទណ្ឌកម្មប្រឆាំង នឹងចិន ដែរឬទេ ក្នុងករណីទីក្រុងប៉េកាំងបញ្ជូនអាវុធឱ្យទីក្រុងមូស្គូ អធិការបតីអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវានឹងមានផលវិបាក ប៉ុន្តែបច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុង ដំណាក់កាលមួយដែលយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារឿងបែបនេះមិនគួរកើតឡើងនោះទេ»។ លោក សូលស៍ មិនបានលម្អិតថាអ្វីទៅជាផលវិបាកដែលលោកបានលើកឡើង នោះទេ ខណៈអាល្លឺម៉ង់ជាប្រទេសអឺរ៉ុបមានសេដ្ឋកិច្ចធំជាងគេបំផុត ហើយក៏ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតជាមួយចិនផងដែរ ធៀបទៅនឹងប្រទេសអឺរ៉ុបដទៃ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានព្រមានជាបន្តបន្ទាប់ថាចិនអាចនឹងពិចារណាបញ្ជូនអាវុធ ក្នុងនោះរួមមានទាំងគ្រាប់រំសេវឱ្យរុស្ស៉ី ប៉ុន្តែ ទីក្រុងប៉េកាំងបានច្រានចោលការលើកឡើងបែបនេះដោយចាត់ទុកថាទីក្រុងវ៉ាស៊ីនតោន កំពុងបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិននៅលើឆាកអន្តរជាតិ៕