(ឡុងដ៍)៖ ​ប្រវត្តិវិទូ​ជនជាតិ​ជ្វីហ្វ​ដ៏​ល្បី​របស់​អង់គ្លេសបាន​ព្រមានថា អ៊ីស្រាអែល​កំពុងប្រថុយ​​ក្លាយ​ជា «លទ្ធិ​ជាតិនិយម» ​ ដោយ​ជំរុញ​ឲ្យ​សមាជិក​នៃ​ជនភៀសខ្លួន​ជនជាតិជ្វីហ្វទូទាំងពិភពលោកតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣។

លោក Simon Schama បានប្រាប់កាសែត The Observer របស់អង់គ្លេសថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹង «ការបែកបាក់ផ្នែកនយោបាយ និងសង្គមរបស់ខ្លួន» ដោយសារតែការផ្លាស់ប្តូរប្រព័ន្ធតុលាការ និងពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅក្នុងទឹកដីដែលកាន់កាប់។

កំណែទម្រង់ប្រព័ន្ធតុលាការនឹងផ្តល់ឱ្យរដ្ឋាភិបាលកាន់តែមានឥទ្ធិពល ក្នុងការតែងតាំងចៅក្រម និងកម្រិតអំណាចរបស់តុលាការកំពូល។

រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រឈមមុខនឹងការរិះគន់ពីជនជាតិជ្វីហ្វជុំវិញពិភពលោកអំពីផែនការនេះ ក៏ដូចជាការដាក់បញ្ចូលទាំងអ្នកនយោបាយស្តាំនិយមជ្រុលក្នុងជួរគណរដ្ឋមន្ត្រីរបស់ខ្លួន។

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានអំពាវនាវឱ្យ «លុបបំបាត់» ភូមិប៉ាឡេស្ទីន ដើម្បីជាការសងសឹកចំពោះការសម្លាប់ជនជាតិអ៊ីស្រាអែល។

គួរបញ្ជាក់ថា បន្ទាប់ពីការបង្កើតក្រុមចម្រុះ ដែលត្រូវបានចាត់ទុកថាជារដ្ឋាភិបាលស្តាំនិយមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល មានការកើនឡើងនៃអំពើហិង្សារវាងអ្នកតាំងលំនៅជនជាតិជ្វីហ្វ និងប៉ាឡេស្ទីន ដោយកងកម្លាំងការពារអ៊ីស្រាអែលបានបរាជ័យក្នុងការបញ្ឈប់ជម្លោះនេះ។

កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសស្ថិតក្នុងចំណោមប្រទេសចំនួនប្រាំមួយ ដែលចេញសេចក្តីប្រកាសរួមមួយ ដោយជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលផ្លាស់ប្តូរការសម្រេចចិត្តនាពេលថ្មីៗនេះ ជុំវិញការសាងសង់អគារតាំងទីលំនៅថ្មីសម្រាប់ជនជាតិជ្វីហ្វជាង ៧,០០០ យូនីតនៅទូទាំងតំបន់ West Bank និងក៏ដូចជាការធ្វើឱ្យសកម្មភាពតាំងទីលំនៅនេះស្របច្បាប់៕