(កៀវ)៖ ទីក្រុងកៀវបាននិយាយនៅថ្ងៃអាទិត្យ ទី០៥ មីនានេះថា ខ្លួនកំពុងរារាំងការវាយប្រហារ របស់កងកម្លាំងរុស្ស៊ីដែលព្យាយាមឡោមព័ទ្ធទីក្រុងបាកមុត ដែលទីក្រុងមូស្គូបានព្យាយាមដណ្តើមកាន់កាប់អស់ជាច្រើនខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣។

អគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយថា «ការវាយប្រហាររបស់សត្រូវច្រើនជាង១៣០លើក បានកើតឡើងក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ...»។ របាយការណ៍បានសង្កត់ថា «ខ្មាំង​នៅ​តែ​បន្ត​ការ​ព្យាយាម​របស់​ខ្លួន​ ដើម្បី​ឡោម​ព័ទ្ធ​ក្រុង​មួយនេះ។

អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែន លោក Sergei Sherevaty បាននិយាយកាលពីថ្ងៃសៅរ៍ថា ស្ថានភាពក្រុងបាកមុតគឺ «ពិបាក ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង» ដោយលោកបានពិពណ៌នាទីក្រុងនេះថាជា «គោលដៅអាទិភាពសម្រាប់សត្រូវ»

គួរបញ្ជាក់ថា បន្ទាប់ពីដណ្តើមទឹកដីមកវិញបានច្រើនគួរសម កំលុងប្រតិបត្តិការវាយបករបស់ខ្លួន កងទ័ពរបស់អ៊ុយក្រែនបានបន្តស្ថិតក្នុងសភាពចាំតែទប់ទល់ ពីការវាយប្រហាររបស់រុស្ស៉ី អស់រយៈពេលប៉ុន្មានខែមកហើយ ដោយសមរភូមិក្តៅគគុកជាងគេគឺនៅទីក្រុងបាកមូត។ ជ័យជម្នះនៅទីក្រុងតូចមួួយនេះ នឹងបើកផ្លូវឱ្យកងកម្លាំងរុស្ស៉ីអាចរៀបចំការវាយប្រហារ ដើម្បីគ្រប់គ្រងកន្លែងដទៃទៀតនៅក្នុងផ្នែកនៃតំបន់​ដុនបាស់ (Donbas) ដែលខ្លួនមិនទាន់បានកាន់កាប់៕