(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ ​បាន​ជំទាស់នឹងសេចក្តីថ្លែងការណ៍​របស់​ប្រមុខ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ដែល​ថា ការវាយប្រហារណាមួយ​របស់​អ៊ីស្រាអែល ឬ​អាមេរិក​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ជាការខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣។

បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយកិច្ចពិភាក្សាដែលជាប់គាំង ជុំវិញការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅថា «ការវាយប្រហារយោធាណាមួយលើទីតាំងនុយក្លេអ៊ែរជាការខុសច្បាប់»។

ឆ្លើយតបនឹងការលើកឡើងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោក នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា «លោក Rafael Grossi គឺជាមនុស្សសក្តិសមប៉ុន្តែបានធ្វើការកត់សម្គាល់មួយដែលមិនសក្តិសម»។

លោក​ Netanyahu​ បានបន្ថែមថា «ខុសច្បាប់រឿងអី?...តើ​យើង​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ការពារ​ខ្លួន​ឬ? ច្បាស់​ណាស់ យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ»៕