(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣នេះបានរាយការណ៍ថាយោធាអាមេរិក កំពុងធ្វើការជាមួយពីឡុតអ៊ុយក្រែន នៅក្នុងសហរដ្ឋអាមេរិក ដើម្បីសិក្សា ថាតើត្រូវចំណាយពេលវេលាយូរប៉ុនណា ដើម្បីបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែនឱ្យចេះប្រើយន្ដហោះចម្បាំង F-16​។

CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ ដែលប្រាប់អ្នកសារព័ត៌មានក្នុងពេលអមដំណើររដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ទៅកាន់តំបន់មជ្ឈិមបូព៌ា។ មន្ត្រីរូបនេះដដែលបានឱ្យដឹងទៀតថា ពីឡុតអ៊ុយក្រែន២នាក់ បច្ចុប្បន្នកំពុងស្ថិតនៅឯមូលដ្ឋានទ័ពមួយកន្លែង នៅក្នុងសហរដ្ឋអាមេរិក ហើយ ពួកគេត្រូវបានអនុញ្ញាតឱ្យរៀនបើកយន្ដហោះ F-16 តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីសិក្សាពីពេលវេលាដែលពួកគេត្រូវចំណាយក្នុងការរៀនពីរបៀបប្រើយន្ដហោះចម្បាំងនេះ។

គួរបញ្ជាក់ថា ពីឡុតអ៊ុយក្រែន២នាក់ ខាងលើត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅមូលដ្ឋានទ័ពអាកាស ក្នុងទីក្រុង Tucson នៃរដ្ឋ Arizona។ សហរដ្ឋអាមេរិក មកទល់នឹងពេលនេះ បានបញ្ជាក់ថានឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 តាមការទទូចស្នើសុំពីអ៊ុយក្រែននោះទេ៕