(តៃប៉ិ)៖ ក្រុមប្រឹក្សាទទួលបន្ទុកគោលនយោបាយចិនដីគោករបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអាទិត្យនេះថាទីក្រុងប៉េកាំងគួរតែហ៊ានទទួលស្គាល់ការពិតថាតៃវ៉ាន់ និងចិនដែលស្ថិត នៅម្ខាងម្នាក់នៃច្រកសមុទ្រតៃវ៉ាន់ មិនមែនរណបគ្នាទៅវិញទៅមកនោះទេ ហើយចិនគួរតែគោរពអធិបតេយ្យរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់ក្រុមប្រឹក្សាទទួលបន្ទុកគោលនយោបាយចិនដីគោករបស់កោះតៃវ៉ាន់ កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) នៅថ្ងៃអាទិត្យនេះបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង លើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនង និងការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ប្រកបដោយសន្តិភាព។ លោក លី លើកឡើងបែបនេះ នាឱកាសថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំនៃសភាចិន នៅថ្ងៃអាទិត្យនេះ ជាមួយការសង្កត់ធ្ងន់ពីជំហររបស់ទីក្រុងប៉េកាំង ចំពោះការប្រកាន់ភ្ជាប់នូវ «គោលការណ៍ចិនតែមួយ» ដែលទទួលស្គាល់ថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។

ឆ្លើយតទៅនឹងការលើកឡើងរបស់លោក លី ក្រុមប្រឹក្សាទទួលបន្ទុកគោលនយោបាយចិនដីគោករបស់កោះតៃវ៉ាន់ បាននិយាយថាចិនគួរតែគោរពការប្ដេជ្ញាចិត្តរបស់តៃវ៉ាន់ ចំពោះគោលគំនិតស្នូលនៃអធិបតេយ្យ ប្រជាធិបតេយ្យ និងសេរីភាពរបស់សាធារណរដ្ឋចិន ឬតៃវ៉ាន់។ ក្រុមប្រឹក្សានេះដដែលបន្ថែមថាចិនក៏គួរតែដោះស្រាយផងដែរលើបញ្ហាក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ប្រកបដោយតម្លារភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីអាចបង្កើតលក្ខខណ្ឌសម្រាប់ការទំនាក់ទំនងគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ចិន បានបង្កើនការធ្វើសកម្មភាពយោធាយ៉ាងខ្លាំង នៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំង ហៅថាជា «ការគប់គិត» រវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់៕