(តេហេរ៉ង់)៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថាប្រទេសអ៉ីរ៉ង់បានយល់ព្រមលើការតភ្ជាប់កាមេរ៉ាឡើងវិញ និងបរិក្ខារតាមដានដទៃទៀត នៅឯទីតាំង នុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងបានឯកភាពលើការពង្រីកវិសាលភាពនៃការធ្វើអធិការកិច្ចទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។

លោក រ៉ាហ្វាអែល ក្រូសស៊ី (Rafael Grossi) ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ធ្វើការប្រកាសខាងលើកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ និងបន្ទាប់ពីលោកបានជួបពិភាក្សា ការងារជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) និងមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើនរូប។ លោក ក្រូសស៉ី បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលត្រឡប់ ទៅដល់ទីក្រុងវីយែន ប្រទេសអូទ្រីសវិញយ៉ាងដូច្នេះថា «នារយៈពេលប៉ុន្មានខែកន្លង មកនេះ វាពិតជាមានការកាត់បន្ថយការសកម្មភាពតាមដានមួយចំនួនពាក់ព័ន្ធនឹងកាមេរ៉ា និងបរិក្ខារដទៃ ដែលត្រូវបានផ្អាកដំណើរការ។ ប៉ុន្តែ យើងបានឯកភាពដោះស្រាយបញ្ហាទាំងនេះ ដោយយល់ព្រមដំណើរការឡើងវិញ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក រ៉ាហ្វាអែល ក្រូសស៊ី ទៅកាន់ប្រទេសអ៉ីរ៉ង់ កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកបានអះអាងថាអ៉ីរ៉ង់បច្ចុប្បន្ន បានបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៨៤ភាគរយ ខណៈកម្រិតដែលគ្រប់គ្រាន់សម្រាប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់គឺ ៩០ភាគរយ៕