(ម៉ារីលែន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងបន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត បើទោះជាលោករងការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសណាមួយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។

ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម ឬហៅកាត់ថា CPAC កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ខ្ញុំនឹងមិនបោះបង់ឡើយ...យើងនឹងបញ្ចប់អ្វីដែលយើងបានចាប់ផ្ដើម។ យើងនឹងបញ្ចប់ បេសកម្មទាំងស្រុង ហើយយើងនឹងបានឃើញថាសមរភូមិនេះនឹងទទួលបានជ័យជម្នះ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតជាច្រើនដោយក្រុមរដ្ឋអាជ្ញាអាមេរិក ក្នុងនោះរួមមានទាំងការស៊ើបអង្កេតលើការព្យាយាមរបស់លោកដើម្បី លុបចោលលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០២០ និងការរក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់៕