(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យនេះបានប្រកាសថាខ្លួននឹងបង្កើនកញ្ចប់ថវិកាយោធា ៧.២ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ ធៀបទៅនឹង៧.១ភាគរយ កាលពីឆ្នាំ២០២២ ខណៈ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក លី ខឺជាំង ព្រមានពីការកើនឡើងនៃការគំរាមកំហែងពីខាងក្រៅដល់ការរីកចម្រើនរបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។​

បើតាមរបាយការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុចិន ចេញផ្សាយនៅថ្ងៃបើកកិច្ចប្រជុំប្រចាំឆ្នាំនៃសភាចិន ប្រទេសចិននឹងចំណាយលើកញ្ចប់ថវិកាយោធា ១.៥៥ទ្រីលានយ័ន ឬស្មើនឹង ២២៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ។ កញ្ចប់ថវិកាយោធារបស់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០២២ មាន ១.៤៥ទ្រីលានយ័ន ឬស្មើនឹង ២១០ពាន់លានដុល្លារ ហើយមកទល់នឹងបច្ចុប្បន្ន ចិនគឺជាប្រទេសដែលមានកញ្ចប់ថវិកាយោធាធំលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរនៅលេខ១ ដែលបានបញ្ចេញកញ្ចប់ ថវិកាយោធាដ៏មហិមារជាង ៨០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

ប៉ុន្តែ ក្រុមអ្នកវិភាគជាច្រើនជឿជាក់ថាកញ្ចប់ថវិកាយោធាចិនពិតប្រាកដ អាចនឹងមានច្រើនជាងចំនួនតួលេខដែលបង្ហាញជាសាធារណៈ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានបង្កើនការចំណាយលើវិស័យយោធាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ក្នុងគោលបំណងប្រែក្លាយកងទ័ពរំដោះប្រជាជនចិន ទៅជាកងទ័ពលំដាប់ពិភពលោកនៅឆ្នាំ២០៤៩ តាមផែនការដែលដាក់ចេញដោយលោកប្រធានាធិបតីចិន ស៊ី ជិនពីង៕