(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) នៅថ្ងៃអាទិត្យនេះបាននិយាយថារដ្ឋាភិបាលទីក្រុងប៉េកាំង គួរតែលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយ សន្តិភាពជាមួយជាតៃវ៉ាន់ និងពន្លឿនដំណើរការបង្រួបង្រួមជាតិរបស់ចិនដោយសន្តិវិធី ប៉ុន្តែក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។

លោក លី ខឺជាំង ធ្វើការកត់សម្គាល់បែបនេះ នាឱកាសថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំនៃសភាចិន ជាមួយការសង្កត់ធ្ងន់ពីជំហររបស់ទីក្រុងប៉េកាំង ចំពោះការប្រកាន់ភ្ជាប់នូវ «គោលការណ៍ចិនតែមួយ» ដែលទទួលស្គាល់ថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ ថ្លែងនៅចំពោះមុខប្រតិភូជាង ៣,០០០នាក់ ដែលជួបជុំគ្នានៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីចិនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលគួរតែអនុវត្តគោលនយោបាយនៃគណបក្សរបស់យើង សម្រាប់ការដោះស្រាយបញ្ហាតៃវ៉ាន់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងឯករាជ្យភាពរបស់តៃវ៉ាន់ ក៏ដូចជាលើកកម្ពស់ការបង្រួបបង្រួមជាតិ»។ លោក លី បន្ថែមទៀតថាចិនគួរតែលើកកម្ពស់ផងដែរនូវការអភិវឌ្ឍ ទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយតៃវ៉ាន់ និងពន្លឿនការបង្រួបបង្រួមជាតិដោយសន្តិវិធី។

គួរបញ្ជាក់ថា ចិន ដែលអះអាងថាតៃវ៉ាន់ ជាផ្នែកមួយទឹកដីរបស់ខ្លួន បានបង្កើនការធ្វើសកម្មភាពយោធាយ៉ាងខ្លាំង នៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំង ហៅថាជា «ការគប់គិត» រវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់៕