(ម៉ានីល)៖ ហ្វីលីពីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានរាយការណ៍ថានាវាចម្បាំងមួយគ្រឿង និងទូករាប់សិបគ្រឿងរបស់ចិន បានធ្វើដំណើរនៅជុំវិញតំបន់ដែនទឹកកំពុងមាន ជម្លោះនៃកោះមួយគ្រប់គ្រងដោយហ្វីលីពីន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។

បើតាមឆ្មាំសមុទ្រហ្វីលីពីន ទូកចំនួន ៤២គ្រឿងដែលជាសកម្មសិទ្ធិរបស់ចិនបានធ្វើដំណើរនៅក្បែរកោះ ធីទូ (Thitu) ខណៈនាវាចម្បាំងចិនមួយគ្រឿង និងនាវាឆ្មាំសមុទ្រមួយ គ្រឿងទៀតបានអង្កេតការយឺតៗនៅក្នុងតំបន់ដែនទឹកជុំវិញកោះមួយនេះ។ ប៉ុន្តែ ខាងស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ឆ្លើយតបទៅនឹងសំណួរ អ្នកសារព័ត៌មានជុំវិញការអះអាងរបស់ហ្វីលីពីន។

គួរបញ្ជាក់ថា ធីទូ (Thitu) គឺជាកោះមួយស្ថិតនៅក្នុងតំបន់ទីប្រជុំកោះ ស្រ្ពេតលី (Spratly) នៃសមុទ្រចិនខាងត្បូងជាទីដែលចិន កំពុងមានជម្លោះដែនទឹកជាមួយបណ្ដាប្រទេស មួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានទាំងហ្វីលីពីនផងដែរ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីជាងពីរសប្ដាហ៍មុនបាននិយាយថាហ្វីលីពីន នឹងប្រឹងប្រែងការពារទឹកដីរបស់ខ្លួនមិនបានបាត់សូម្បីមួយដុំ ស្របពេលទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីលឡើងកម្ដៅឡើងវិញជាថ្មី បន្ទាប់ពីលោក Marcos សម្រេចអនុញ្ញាតឱ្យកងទ័ពអាមេរិកអាចចូលប្រើប្រាប់មូលដ្ឋានទ័ពហ្វីលីពីនបន្ថែម៕