(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានស្តីបន្ទោសសហរដ្ឋអាមេរិក អំពីការធ្វើឲ្យដួលរលំប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ហើយថាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងជាការឆ្លើយតបដ៏ត្រឹមត្រូវមួយ ដើម្បីធានាតុល្យភាពនៃអំណាចក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ដោយយកប្រភពពីក្រសួងការបរទេសកូរ៉េខាងជើង ដែលបញ្ជាក់ថា ឧបទ្វីបកូរ៉េកំពុងក្លាយជាទីលានហ្វឹកហាត់ និងសមធ្វើសង្គ្រាមដ៏ធំបំផុតរបស់ពិភពលោក ក្រោមគម្រោងពង្រីកឥទ្ធិពលយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងក្រុមរបស់ខ្លួន។

ក្រសួងការបរទេសកូរ៉េខាងជើង បានបន្ថែមថា ចំណាត់ការថ្មីៗរបស់កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញពីការកសាងខាងផ្នែកយោធាដោយសហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួន ថាកំពុងឆ្លងកាត់ខ្សែបន្ទាត់គ្រោះថ្នាក់ ហើយរឿងនេះមិនអាចអត់ឱនឲ្យបានឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍បានប្រកាសពីគម្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមីនា ដើម្បីពង្រឹងជំហរការពាររួមបញ្ចូលគ្នារបស់សម្ព័ន្ធមិត្ត រួមទាំងផ្តោតលើអ្វីដែលពួកគេហៅថាជាការឈ្លានពានរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង ចាត់ទុកសមយុទ្ធយោធារួមគ្នាបែបនេះ ថាជាភស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រកាន់គោលជំហរមិនល្អចំពោះកូរ៉េខាងជើង៕