(ហ្សាកាតា)៖ ក្រុមមន្ត្រីឥណ្ឌូណេស៉ី បានអំពាវនាវឲ្យមានការស៊ើបអង្កេត និងធ្វើសវនកម្មលើបរិក្ខាររបស់ក្រុមហ៊ុមថាមពលប៉ឺតាមីណា (Pertamina) ដែលដំណើរការដោយរដ្ឋ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះសម្លាប់មនុស្ស ១៣នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

អគ្គីភ័យបានឆាបឆេះកាលពីវេលាម៉ោងប្រហែល ៨យប់នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីដេប៉ូស្តុកប្រេងឥន្ធនៈរបស់ក្រុមហ៊ុមប៉ឺតាមីណា (Pertamina) ក្នុងទីក្រុងហ្សាការតា ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ផ្ទះនៅក្បែរនោះ។

ដំបូងឡើយ អាជ្ញាធរបានកត់ត្រាចំនួនអ្នកស្លាប់ចំនួន ១៧នាក់ តែក្រោយមកក៏បានកែសម្រួលតួលេខមកវិញនៅត្រឹមចំនួន ១៣នាក់។ ដោយឡែក មនុស្សរាប់សិបនាក់បានរងរបួស និងរាប់រយនាក់ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ។ លោក អាប់ឌុល វ៉ាហ៉ីត (Abdul Wahid) មន្ត្រី​ពន្លត់​អគ្គិភ័យ​ក្រុង​ហ្សាការតា បាន​និយាយ​ថា ភ្លើង​ត្រូវ​បាន​ពន្លត់​នៅព្រឹកថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ដេប៉ូស្តុកប្រេងឥន្ធនៈខាងលើនេះ មានសមត្ថភាពផ្ទុកលើសពី ៣០០,០០០គីឡូលីត្រ ហើយជាកន្លែងផ្ទុកកប្រេងដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនប៉ឺតាមីណា៕