(អាថែន)៖ ក្រុមជួយសង្រ្គោះរបស់ប្រទេសក្រិក បានបន្តជីកកាយកំទេចកំទីនៅកន្លែងរថភ្លើងបុកគ្នា ដែលបានសម្លាប់មនុស្សចំនួន ៥៧នាក់ មុននឹងបញ្ចប់ប្រតិបត្តិការស្វែងរករបស់ពួកគេនៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

ហេតុការណ៍រថភ្លើងបុកគ្នានៅចំកណ្តាលប្រទេសក្រិក បានបង្កឲ្យមានកំហឹង និងការតវ៉ានៅទូទាំងប្រទេស ក៏ដូចជាការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្តង់ដារសុវត្ថិភាពនៃប្រព័ន្ធផ្លូវដែករបស់ខ្លួន។ ប្រធានស្ថានីយ៍រថភ្លើងនៅទីក្រុងឡារីសសា (Larissa) ត្រូវបានចាប់ខ្លួន ខណៈដែលរដ្ឋាភិបាលដាក់បន្ទុកលើបុគ្គល ប៉ុន្តែសហជីពកម្មករផ្លូវដែកនិយាយថា វាជៀសមិនរួច ដោយសារតែប្រព័ន្ធសុវត្ថិភាពខ្វះខាត និងបុគ្គលិកតិច។

សហជីព​កម្មករ​ផ្លូវ​ដែក បានធ្វើកូដកម្មមិនធ្វើការរយៈពេល ២៤​ម៉ោង ​ចាប់​តាំង​ពី​ថ្ងៃ​ពុធសប្តាហ៍នេះមក ហើយបន្តសកម្មភាពការងារឡើងវិញកាលពីថ្ងៃសុក្រ ដោយទាមទារឲ្យមានការកំណត់ពេលវេលាច្បាស់លាស់ ពីរដ្ឋាភិបាលក្រិកសម្រាប់ការអនុវត្តពិធីសារស្តីពីសុវត្ថិភាព។

គួសបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៥៧នាក់ បានស្លាប់និងរាប់សិបនាក់រងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរជាង ៣៥០នាក់ បានប៉ះទង្គិចគ្នា កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕