(ឡុងដ៍)៖ ព្រះរាជវាំងបាក់ឃីងហាំ (Buckingham) បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះ ព្រះអង្គ ឆាលទី៣ (Charles III) នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងបង្អស់ បន្ទាប់ពីឡើងសោយរាជជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ទៅកាន់ប្រទេសបារាំង ហើយនិងប្រទេសអាល្លឺម៉ង់ នៅក្នុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

ព្រះអង្គ ឆាល និងព្រះមហេសី ខាមីឡា (Camilla) នឹងយាងទស្សនកិច្ចប្រទេសបារាំង នៅថ្ងៃទី២៦ ខែមីនា ហើយគង់នៅទីនោះសម្រាប់​រយៈពេលសរុប៣ថ្ងៃ មុនបន្តព្រះរាជដំណើរយាងឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ ខណៈដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ នឹងបញ្ចប់ជាផ្លូវការនៅ២ថ្ងៃក្រោយ។ ព្រះអង្គ ឆាល នឹងយាងជួបជាមួយប្រធានាធិបតីបារាំងនិងអាល្លឺម៉ង់ ហើយក៏នឹងយាងថ្លែងសារក្នុង​សភារបស់ប្រទេសទាំងពីរផងដែរ។ វាជាការបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងហើយរបស់ព្រះអង្គ គិតចាប់តាំងពីទ្រង់បានឡើង​ស្នងរាជ្យ ក្រោយការយាងចូលទិវង្គតរបស់ព្រះមាតា គឺអតីតព្រះមហាក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) កាលពីខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយបំផុតរបស់ចក្រភពអង់គ្លេស ទៅកាន់បារាំងនិងអាល្លឺម៉ង់ គឺត្រូវបានធ្វើឡើងដោយ មហាក្សត្រិយ៍ អេលីហ្សាបេត កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។ កាលពីនៅជាព្រះរជ្ជទាយាទ ព្រះអង្គ ឆាល ធ្លាប់យាងបំពេញទស្សនកិច្ច​ផ្លូវការសរុបចំនួន៣៤លើក ទៅកាន់ប្រទេសបារាំង និងចំនួន២៨លើកទៅកាន់អាល្លឺំម៉ង់។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ទ្រង់ ទៅកាន់បារាំង​និងអាល្លឺំម៉ង់នឹងកើតឡើង មុនពេលព្រះរាជពិធីរាជាភិសេករបស់ព្រះអង្គ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៦ ខែឧសភា៕