(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner របស់រុស្ស៉ី បានអះអាងថា ទីក្រុងបាកមូត (Bakhmut) នាពេលនេះ គឺត្រូវបានឡោមព័ទ្ធស្ទើរតែជិតទាំងស្រុងហើយ និងបានទទូចឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សម្រេច​បោះបង់ចោលទីក្រុងភាគខាងកើតនេះទៅ ដើម្បីសង្រ្គោះជីវិតកងទ័ពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

មួយរយៈចុងក្រោយ​ កងទ័ពរួមនិងទាហានស៉ីឈ្នួលរបស់រុស្ស៉ី បានផ្តោតការបាញ់ផ្លោងរបស់ពួកគេ ទៅលើច្រកផ្លូវចេញចូលនៅសល់ប៉ុន្មាន​ចុងក្រោយដែលតភ្ជាប់មកកាន់ទីក្រុងបាកមូត ដើម្បីនាំទីក្រុងមូស្គូរំកិលឆ្ពោះទៅក្បែរជ័យជម្នះជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាច្រើនមកនេះ។ លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាមេក្រុមហ៊ុន Wagner បាននិយាយថា កងទ័ពអ៊ុយក្រែនៅសល់ផ្លូវតែមួយទៀតប៉ុណ្ណោះ សម្រាប់ចេញចូលទីក្រុងបាកមូត ហើយលោកបានអំពាវនាវឱ្យលោក ហ្សេលេនស្គី ចេញបញ្ជាឱ្យដកថយពីបាកមូត ដើម្បីសង្រ្គោះជីវិតទាហានអ៊ុយក្រេន។

កំលុងការប្រយុទ្ធគ្នារាប់ខែមកនេះដើម្បីទីក្រុងបាកមូត អ៊ុយក្រែននិងរុស្ស៉ីសុទ្ធតែបានអះអាងថា ពួកគេបានបង្កឱ្យមានការបាត់​បង់ក្នុងទំហំច្រើនសម្បើមចំពោះភាគីម្ខាងទៀត។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងកៀវបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែកំពុងបន្តព្យាយាម​ការពារទីក្រុងបាកមូត ប៉ុន្តែបានទទួលស្គាល់ថា ស្ថានការណ៍ពិតជាបានធ្លាក់ដុនដាបខ្លាំង។

គួរបញ្ជាក់ថា បន្ទាប់ពីដណ្តើមទឹកដីមកវិញបានច្រើនគួរសម កំលុងប្រតិបត្តិការវាយបករបស់ខ្លួន កងទ័ពរបស់អ៊ុយក្រែនបានបន្តស្ថិតក្នុងសភាពចាំតែទប់ទល់ ពីការវាយប្រហាររបស់រុស្ស៉ី អស់រយៈពេលប៉ុន្មានខែមកហើយ ដោយសមរភូមិក្តៅគគុកជាងគេគឺនៅទីក្រុងបាកមូត។ ជ័យជម្នះនៅទីក្រុងតូចមួួយនេះ នឹងបើកផ្លូវឱ្យកងកម្លាំងរុស្ស៉ីអាចរៀបចំការវាយប្រហារ ដើម្បីគ្រប់គ្រងកន្លែងដទៃទៀតនៅក្នុងផ្នែកនៃតំបន់​ដុនបាស់ (Donbas) ដែលខ្លួនមិនទាន់បានកាន់កាប់៕