(បែរឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់និងស្វីស បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា អាល្លឺម៉ង់បានស្នើស្វីសលក់រថក្រោះ Leopard 2 ដែលខ្លួនឈប់ប្រើប្រាស់តទៅទៀត មកឱ្យក្រុមហ៊ុនអាល្លឺម៉ង់ ដែលជាអ្នកផលិតពួកវាវិញ ខណៈទង្វើនេះត្រូវគេមើលឃើញថា នឹងអនុញ្ញាតឱ្យក្រុមប្រទេសលោកខាងលិច អាចបង្កើនការផ្តល់ជំនួយយោធាជារថក្រោះទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

ទីក្រុងបែរឡាំងចង់ឱ្យទីក្រុងប៊ែនលក់ រថក្រោះដែលលែងប្រើទាំងនោះមួយចំនួន ត្រឡប់មកឱ្យក្រុមហ៊ុន រែនមេថាល់ (Rheinmetall) ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះ អាចជួយបំពេញចន្លោះឡើងវិញ នៅក្នុងផ្នែកសព្វាវុធរបស់ក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ក៏ដូចជាអង្គការណាតូ (NATO)។ អាល្លឺម៉ង់ ប៉ូឡូញ ព័រទុយហ្កាល់ ហ្វាំងឡង់ និងស៊ុយអែត ជាដើម សុទ្ធតែស្ថិតក្នុងក្រុមប្រទេសដែលកំពុងត្រៀម​បញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែន ដើម្បីជួយក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ខណៈប្រការនេះនឹងធ្វើឱ្យមានភាព​ចន្លោះ នៅក្នុងឃ្លាំងសព្វាវុធរបស់ពួកគេ។

នៅក្នុងសំណើផ្ញើទៅកាន់ស្វីស អាល្លឺម៉ង់បានធានាអះអាងថា រថក្រោះទាំងនោះនឹងមិនត្រូវលក់ ឬបញ្ជូនបន្តទៅកាន់អ៊ុយក្រែនឡើយ ដោយ​ពួកវានឹងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ឬនៅតាមបណ្តាប្រទេសដែលជាសមាជិក EU និង NATO ដើម្បីបំពេញចន្លោះដែលបានលេចឡើង ដោយសារតែការផ្ទេររថក្រោះ Leopard 2 ជាជំនួយដល់ទីក្រុងកៀវ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ថា ទីក្រុងបែរឡាំងមានគោលដៅចង់បានរថក្រោះចំនួនប៉ុន្មាននោះឡើយ ហើយក៏មិនទាន់ច្បាស់ថា ខាងស្វីសនឹងឆ្លើយតបយ៉ាងណាដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នស្វីសមានរថក្រោះ Leopard 2 ចំនួន១៣៤គ្រឿង ដែលកំពុងបម្រើការក្នុងយោធា និង៩៦គ្រឿងផ្សេងទៀតនៅក្នុង​ឃ្លាំងស្តុក។ នៅក្រោមច្បាប់អព្យាក្រឹតភាពរបស់ខ្លួន បូករួមនិងចំណាត់ការដាច់ដោយឡែក ស្តីពីការហាមឃាត់ការលក់អាវុធឱ្យទៅអ៊ុយក្រែន ប្រទេសស្វីសមិនអាចបញ្ជូនអាវុធដោយផ្ទាល់ ឬដោយប្រយោលឱ្យទីក្រុងកៀវបានឡើយ។ កន្លងមកនេះ ទីក្រុងប៊ែនធ្លាប់បានរារាំងសំណើពី​អាល្លឺម៉ង់ អេស៉្បាញ និងដាណឺម៉ាក ដែលចង់ឱ្យអនុញ្ញាតចំពោះការបញ្ជូនបន្តនូវគ្រាប់រំសេវផលិតដោយស្វីស ដែលប្រទេសទាំងបីបានទិញ ទៅកាន់អ៊ុយក្រែន៕