(ញូដេលី)៖ ថ្លែងក្នុងវេទិកាកិច្ចសន្ទនាសន្តិសុខមួយនៅប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា មនុស្សរាល់គ្នាកំពុងផ្តោតសួរតែខាងរុស្ស៉ី ថាពេលណាត្រៀមខ្លួនរួចរាល់ ដើម្បីចរចាបញ្ចប់សង្រ្គាមដែលបាន​ផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែហាក់គ្មាននរណាទៅជំរុញអ៊ុយក្រែន សម្រាប់កិច្ចពិភាក្សាស្វែងរកសន្តិភាពនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

លោកប្រមុខការទូតរុស្ស៉ីបានលើកឡើងថា អ្នកឧបត្ថម្ភចម្បងរបស់អ៊ុយក្រែនគឺលោកខាងលិច បានអះអាងជាប់មករហូតថា វាពុំទាន់ដល់ពេលត្រូវចរចានៅឡើយទេ ដោយសារអ៊ុយក្រែនចាំបាច់ត្រូវតែឈ្នះនៅលើសមរភូមិសិន មុនកិច្ចចរចាណាមួយអាចកើតឡើងទៅបាន។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា «ហើយលោក ហ្សេលេនស្គី ផ្ទាល់វិញ គ្មាននរណាទៅសួរនាំលោកឡើយ នូវសំណួរថាតើពេលណា លោកព្រមចរចា។ ប៉ុន្តែអ្នកគួរដឹងថា កាលពីឆ្នាំមុន លោក ហ្សេលេនស្គី បានចេញក្រឹត្យមួយ ដែលកំណត់ការចរចាជាមួយរុស្ស៉ី គឺជាបទល្មើសព្រហ្មទណ្ឌមួយ ដរាបណាលោក វ៉្លាឌីមៀ ពូទីន ជាប្រធានាធិបតីរុស្ស៉ី»

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលប្រកាសជាផ្លូវការថា លទ្ធភាពនៃ​កិច្ចពិភាក្សាណាមួយរបស់អ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៉ី លោក ពូទីន គឺជារឿងមិនអាចទៅរួច ប៉ុន្តែពេលនោះនៅបើកទ្វារចំហ សម្រាប់​​ការពិភាក្សាជាមួយរុស្ស៉ី។ លោក ហ្សេលេនស្គី បានធ្វើយ៉ាងដូច្នោះ បន្ទាប់ពីលោក ពូទីន បានប្រកាសកាត់យកតំបន់ចំនួន៤ របស់អ៊ុយក្រែនជាផ្លូវការ បញ្ចូលជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៉ី៕