(ញូដេលី)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានចោទសហរដ្ឋអាមេរិកថាមានចរិតពុតត្បុត បន្ទាប់ពី​រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Blinken) បាននិយាយថា មិនត្រូវអនុញ្ញាតឱ្យរុស្ស៉ីរួចខ្លួនពីការដាក់ទោសសម្រាប់​ការបង្កសង្រ្គាមនៅអ៊ុយក្រែនឡើយ កំលុងវេទិកាកិច្ចសន្ទនាសន្តិសុខមួយ ដែលប្រមុខការទូតប្រទេសទាំងពីរ បានចូលរួមកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងវេទិកាកិច្ចសន្ទនារ៉ៃស៉ីណា (Raisina Dialogue) នៅប្រទេសឥណ្ឌា លោក ប្លីនខិន បាននិយាយដូច្នេះថា «ប្រសិនបើយើង​អនុញ្ញាតឱ្យរុស្ស៉ីរួចទោស សម្រាប់អ្វីដែលប្រទេសនេះកំពុងធ្វើនៅអ៊ុយក្រែន នោះវានឹងក្លាយជាសារមួយប្រាប់ទៅកាន់បណ្តាប្រទេសដទៃទៀតថា ពួកគេក៏ប្រហែលជាអាចរួចខ្លួនដូចគ្នាដែរ ក្រោយការធ្វើសកម្មភាពយ៉ាងដូច្នោះ»

ថ្លែងក្នុងវេទីកាខាងលើដដែល បន្ទាប់ពីលោក ប្លីនខិន លោក ឡាវរ៉ូវ ក៏បានលើកឡើងថា វាគឺជាការប្រកាន់ស្តង់ដាពីរក្នុងការចោទសួរចំពោះ សកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅពេលដែលសហរដ្ឋអាមេរិកបានយកហេតុផល ការគំរាមកំហែងចំពោះផលប្រយោជន៍ជាតិរបស់ខ្លួន សម្រាប់ជាលេសដើម្បីធ្វើអន្តរាគមន៍យោធាពាសពេញពិភពលោក រួមមានទាំងសង្រ្គាមនៅអ៉ីរ៉ាក់ ការវាយប្រហារតាមផ្លូវអាកាសនៅ​លីប៊ី ហើយនិងការទម្លាក់គ្រាប់បែកនៅយូហ្គោស្លាវី។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រមុខការទូតរុស្ស៉ី-អាមេរិក បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលត្រូវបាន​រៀបចំឡើងនៅរដ្ឋធានីញូដេលីរបស់ឥណ្ឌា ហើយក្នុងឱកាសនោះ ក៏បានជួបជជែកទល់មុខគ្នាមួយភ្លែតជាលើកដំបូងផងដែរ គិតចាប់តាំងពី​រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុនមក៕