(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាមុជទឹកមួយរបស់ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល Cruise នៅសមុទ្រជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងបានប្រកាសនៅថ្ងៃសុក្រនេះថា នាវាមុជទឹក Petropavlovsk-Kamchatsky ដើរដោយប្រេងម៉ាស៊ូត បានបាញ់បង្ហោះមីស៊ីលឈ្មោះ Kalibr អំឡុងពេលសមយុទ្ធមួយដោយជោគជ័យ។

វីដេអូដែលចេញផ្សាយដោយក្រសួង បានបង្ហាញនាវាមុជទឹកចាកចេញពីទីក្រុង Vladivostok នៅចុងបូព៌ា ហើយបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រ។

ក្រសួង​និយាយ​ថា កាំជ្រួច​នេះ​បាន​បាញ់​ចំ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​កន្លែង​ហ្វឹកហ្វឺន​ចម្ងាយ​ជាង ១,០០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា សមយុទ្ធចុងក្រោយនេះត្រូវបានគេជឿថា មានគោលបំណងផ្ញើការព្រមានដល់សហរដ្ឋអាមេរិក និងជប៉ុន ដែលមានជម្លោះជុំវិញការលុកលុយអ៊ុយក្រែន ខណៈរុស្ស៊ី​ក៏​បារម្ភ​ដែរ​ថា អាមេរិក​កំពុង​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕