(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិនសូមជំទាស់នឹងសហរដ្ឋអាមេរិក ក្នុងការដាក់ក្រុមហ៊ុនចិនជាច្រើន ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការប្រើលេសណាមួយ ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន។

គួរបញ្ជាក់ថា ថ្មីៗនេះក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញ បានដាក់ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ក្រុមហ៊ុន BGI នៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ៕