(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍នៅថ្ងៃសុក្រនេះថា បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានប្តេជ្ញាថា «ទង្វើខុសឆ្គង ឬការគំរាមកំហែង» ណាមួយរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសនេះ នឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣។

លោក Amir Saeed Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Pedro Commissario Afonso និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។

លោក Irawani បាននិយាយថា នៅក្រោមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ីរ៉ង់រក្សាសិទ្ធិ «ស្របច្បាប់ និងពីកំណើត» ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ពលរដ្ឋ និងប្រជាជាតិរបស់ខ្លួន ដោយប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែង ឬទង្វើខុសឆ្គង ដែលបង្កឡើងដោយអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការកត់សម្គាល់នេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការព្រមានខ្លាំងៗពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu​ កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកន្លែងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់៕