(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកគឺជាប្រភពចម្បង នៃការគំរាមកំហែងនុយក្លេអ៊ែរនៅក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់ លោកស្រី Mao បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលលោកស្រីត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលទីប្រឹក្សាសន្តិសុខមាតុភូមិរបស់ប្រធានាធិបតីអាមេរិក លោក Elizabeth Sherwood Randall បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវវិនិយោគក្នុងការងារកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន។

លោកស្រីបាននិយាយថា «ការហៅប្រទេសចិនជាប្រទេសគំរាមកំហែងនុយក្លេអ៊ែរ» គឺជាលេសដ៏ងាយស្រួលសម្រាប់សហរដ្ឋអាមេរិក ក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងរក្សាអនុត្តរភាពយោធារបស់ខ្លួន។

លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែមានការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តយុទ្ធសាស្រ្តនុយក្លេអ៊ែរការពារ និងគោលនយោបាយ «មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដំបូង» និងរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន នៅកម្រិតអប្បបរមាដែលតម្រូវដោយសន្តិសុខជាតិ។

ទន្ទឹមគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានលើកឡើថា «សហរដ្ឋអាមេរិកគឺជាប្រភពចម្បង នៃការគំរាមកំហែងនុយក្លេអ៊ែរនៅក្នុងពិភពលោក។ សហរដ្ឋអាមេរិកគួរតែឆ្លុះបញ្ចាំងឱ្យបានពេញលេញ អំពីគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ឈានទៅរកការទទួលខុសត្រូវរបស់ខ្លួនក្នុងការរំសាយអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរនៅក្នុងគោលនយោបាយសន្តិសុខជាតិ»

លោកស្រីក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកចាត់វិធានការជាក់ស្តែង និងប្រកបដោយអត្ថន័យ ដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រនៃសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក៕