(ញូដេលី)៖ ប្រធានគោលនយោបាយការបរទេសបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរ៉ែល (Josep Borrell) នៅថ្ងៃសុក្រនេះបាននិយាយថា វាជាការ «ច្រានចោលនូវការពិត» ក្នុងការព្យួរសមាជិកភាពរបស់រុស្ស៊ី នៅក្នុង G20។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើហេតុអ្វីបានជាមិនអាចព្យួររុស្ស៊ីពីសមាជិកភាពនៃ G20 ហើយស្វែងរកដំណោះស្រាយបញ្ហាបច្ចុប្បន្ន របស់ពិភពលោក? ថ្លែងនៅក្នុងសន្និសិទអន្តរជាតិ Raisina Dialogue ក្នុងទីក្រុងញូដេលី លោក បូរ៉ែល បានគូសបញ្ជាក់ថា «យើងមិនអាចនិយាយថា ដោយសារតែចង់ជំរុញពហុភាគីនិយម ហើយសុំឲ្យរុស្ស៊ីចេញពី G20 នោះទេ។ វាចាំបាច់ណាស់ក្នុងរក្សាវិធីសាស្រ្តដោយការជជែកគ្នា ឬយ៉ាងហោចណាស់ស្តាប់យោបល់របស់អ្នកដទៃ»។ លោក បូរ៉ែល បានបន្ថែមថា «វាសំខាន់ណាស់ដែលយើងអាចនិយាយអ្វី ដែលយើងគិតនិងដើម្បីទទួលបានចម្លើយពីភាគីម្ខាងទៀត ។ ដូចនេះយើងត្រូវតែរក្សាលទ្ធភាពបែបនេះ»។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G20 នៅក្នុងទីក្រុងញូដេលី នៅឆ្នាំ២០២៣នេះ ត្រូវបានលោក បូរ៉ែល ចាត់ទុកថាមានភាពប្រសើរជាង កិច្ចប្រជុំ G20 នៅឯកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី ដែលកាលណោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ បានលើកជាយោបល់រួច ក៏ហើយចាកចេញ ដោយមិនបាននៅដើម្បីស្តាប់សុន្ទរកថារបស់មន្រ្តីដទៃឡើយ ប៉ុន្តែយ៉ាងហោចណាស់ពេលនេះ លោក ឡារ៉ូវ បន្តនៅស្តាប់សុន្ទរកថានៃកិច្ចប្រជុំនេះ៕