(ប៉េកាំង)៖ ដោយស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការសម្រេចបាន នូវសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯង និយាយដោយឡែក ដល់ការរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើន នៃសេដ្ឋកិច្ចសកលនិយាយជារួម ទើបជារៀងរាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីររបស់ប្រទេសចិន រួមមានមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) តែងបានជួបប្រជុំគ្នាជាទៀងទាត់។ ដោយឡែក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ពិភពលោកនឹងអបអរសាទរដល់មហាសន្និបាតទាំងពីរ របស់ប្រទេសចិនដែលគ្រោងនឹងបើកការប្រជុំរបស់ខ្លួនលើកទី៥នីតិកាលទី១៤ ដែលមហាសន្និបាតទាំងពីរនេះជាតំណាងឆន្ទៈរបស់ប្រជាជាតិចិន ហើយជាទម្រង់ពិសេសនៃប្រជាធិបតេយ្យបែបពិគ្រោះយោបល់នៃសង្គមនិយមតាមបែបផែនចិន។

ដោយគោរពតាមឆន្ទៈនឹងបំណងប្រាថ្នារបស់ប្រជាជនចិន ដែលពោរពេញដោយក្តីសង្ឃឹមនិងទំនុកចិត្តលើអភិបាលកិច្ចដ៏វាងវៃ របស់បក្សកុម្មុយនិស្តចិនក្នុងការសម្រេចបាននូវសុបិនចិនបង្កើនសុខុមាលភាព និងជីវភាពកាន់តែបវរជូនដល់ប្រជាជនចិន មហាសន្និបាតសភាទាំងពីរបានក្លាយជាវេទិកាសម្រាប់ពិគ្រោះយោបល់ និងពិភាក្សាគ្នារវាងតំណាងប្រជាជននិងអ្នកនយោបាយកំពូល សម្រាប់ស្តាប់តម្រូវការរបស់ប្រជាជននៅមូលដ្ឋាននិងដាក់ចេញ នូវគោលនយោបាយថ្នាក់ជាតិដើម្បីដោះស្រាយ និងសម្រាប់កែលម្អនិងបង្កើនជីវភាពរស់នៅរបស់ ប្រជាជនតាមរយៈកម្លាំងសាមគ្គីនៃប្រជាជាតិចិនក្រោមទម្រ នៃនីតិរដ្ឋដោយមានមហាសន្និបាតនៃសភាទាំងពីរជាជន្ទល់ដ៏រឹងមាំ។

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បក្សកុម្មុយនិស្តចិន ទើបមហាសន្និបាតនៃសភាទាំងពីរបានផ្តល់មាគ៌ាសម្រាប់ គូសវាផ្លូវទៅរកកំណើនសេដ្ឋកិច្ចជាក់ស្តែង តាមការព្យាករណ៍ បន្ទាប់ពីបានដាក់ចេញ នូវគោលនយោបាយកែសម្រួលការគ្រប់គ្រងកូវីដ-១៩ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ យើងឃើញថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣នឹងកើនឡើងដល់៥% បន្ទាប់ពីបានទទួលនូវកំណើន ៤,១ %កាលពីឆ្នាំមុន។ ខ្លឹមសារនៃកិច្ចប្រជុំរវាងតំណាងប្រជាជននិងថ្នាក់ដឹកនាំកំពូលរបស់ជាតិ គឺជាឧត្តមានុភាពពិសេសនៃនយោបាយប្រជាធិបតេយ្យបែប ពិគ្រោះយោបល់នៃលទ្ធិសង្គមនិយមតាមបែបផែនចិន ក្នុងគោលបំណងឈ្វេងយល់ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីជាឧត្តមប្រយោជន៍ដល់ជីវភាពរបស់ប្រជាជនចិននិយាយដោយឡែក ដល់ការអភិវឌ្ឍសកលនិយាយរួម ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល រួមជាមួយកិច្ចកសាងសហគមន៍រួមជីវិត និងការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទទួលបាននូវជោគជ័យនិងប្រសិទ្ធផលខ្ពស់ នោះពិតជាមិនអាចខ្វះបាននូវការចូលរួមពីចក្ខុវិស័យរបស់ប្រជាជាតិចិន តាមរយៈមហាសន្និបាតនៃសភាទាំងពីរ។

ដោយរំលេចចេញពីគុណតម្លៃនៃតួនាទីដ៏សំខាន់ សកម្ម និងប្រសើរថ្លៃថ្លារបស់មហាសន្និបាតនៃសភាទាំងពីរ ពិភពលោកបានជឿជាក់ថា ផ្លូវសង្គមនិយមតាមបែបផែនចិនគឺជាមហាវិថីល្បឿនលឿនឆ្ពោះ ទៅរកការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិន ជាក់ស្តែងផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិននៅឆ្នាំ២០២២ មានចំនួន១២០ទ្រីលានយាន់ប្រាក់ចិន ស្មើនឹង១៨ទ្រីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងGDPរបស់ចិននៅឆ្នាំ២០២១មានចំនួនតែ ១១៤ ទ្រីលានយាន់ប្រាក់ចិនស្មើនឹង១៦ទ្រីលានដុលារអាមេរិក ហើយផលិតផលដុល (GPD per Capita) របស់ប្រជាជនចិនបានកើនឡើងដល់១២ ៧៣២.៥៤៧ដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ២០២២ ធៀបជាមួយនឹងខែធ្នូឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ១២ ៦១៥.៧៣២ដុល្លារអាមេរិក។ តាមរយៈតួលេខនេះ យើងនឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថាពិភពលោកទាំងមូលបានជឿដូចទៅនឹងប្រជាជាតិចិនថា ប្រព័ន្ធទ្រឹស្ដីនៃសង្គមនិយមតាមបែបផែនចិនដែលមានវេទិកាដ៏សំខាន់ ក្នុងការជជែកនិងផ្តល់យោបល់លើបញ្ហាជាតិតាមរយៈមហាសន្និបាតនៃសភាទាំងពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំបក្សនិងប្រជាជន ឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

ជារួមមហាសន្និបាតនៃសភាទាំងពីរគឺជាប្រព័ន្ធទ្រឹស្ដីវិទ្យាសាស្រ្តមួយដែលសមស្របទៅតាមពេលវេលា ហើយជាប្រព័ន្ធមួយដែលមានលក្ខណៈពិសេសរបស់ចិន ដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង ។ តាមរយៈមហាសន្និបាតសភាទាំងពីរ នោះបានបង្ហាញយ៉ាងប្រត្យក្សថាប្រទេសចិន ទើបជាមូលដ្ឋានពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្តរបស់ប្រជាជនដែលជាម្ចាស់ប្រទេស និងជាការតម្កល់បាននូវផលប្រយោជន៍ជាអាទិភាព និងពិតប្រាកដជូនដល់ប្រជាជាតិចិន និងមនុស្សជាតិនៅលើពិភពលោក។ ក្នុងន័យនេះ វាច្បាស់ណាស់ដែលថាមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននាឆ្នាំ២០២៣ នេះនឹងចូលរួមជំរុញការបង្កើនល្បឿននៃការកសាងសហគមន៍ជោគវាសនារួម របស់មនុស្សជាតិស្របតាមមាគ៌ារបស់ពិភពលោកតម្រង់ទិសដៅទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន