(មីនស្ក៍)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា តុលាការរបស់ប្រទេសបេឡារុស នៅថ្ងៃសុក្រនេះ បានកាត់ទោសម្ចាស់ពានរង្វាន់ណូបែលសន្តិភាពមួយរូប គឺលោក អាឡេស បៀលីយ៉ាស្គី (Ales Bialiatski) ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ដែលជាសាលក្រមមួយទំនងជាត្រូវបានថ្កោលទោសយ៉ាងខ្លាំង ដោយក្រុមសិទ្ធិមនុស្សលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

លោក បៀលីយ៉ាស្គី ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាស្ថាបនិកនៃក្រុមសិទ្ធិមនុស្សវីយ៉ាស្នា (Viasna) ហើយធ្លាប់ផ្តល់ជំនួយផ្នែកច្បាប់ និងហិរញ្ញវត្ថុដល់ក្រុមបាតុករអំឡុងពេលមានចលាចលឆ្នាំ២០២០ ត្រូវបានកាត់ទោសពីបទផ្តល់ហិរញ្ញប្បទានសម្រាប់ការតវ៉ា និងគេចពន្ធ។ លោក បៀលីយ៉ាស្គី បាននិយាយថា នេះជាសាលក្រមកាត់ទោសដែលមានចេតនានយោបាយ។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សបាននិយាយថា មានអ្នកទោសនយោបាយប្រហែល ១,៥០០នាក់នៅក្នុងប្រទេសបេឡារុស ជាមួយនិងការចាប់ខ្លួនមនុស្សជាច្រើន ចាប់តាំងពីការបង្ក្រាបការតវ៉ាឆ្នាំ២០២០ ដែលបានផ្ទុះឡើងបន្ទាប់ពីមេដឹកនាំជើងចាស់ លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ប្រកាសពីការជាប់ឆ្នោតឡើងវិញ ខណៈដែលការស្ទង់មតិរបស់លោកខាងលិច និងក្រុមប្រឆាំងបេឡារុស និយាយថាជាការក្លែងបន្លំលទ្ធផលបោះឆ្នោត៕