(ហ្សាការតា)៖ បេក្ខជនប្រធានាធិបតីនាំមុខម្នាក់របស់ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសអះអាងថា រូបលោកនឹងបន្តគម្រោង​កសាងរដ្ឋធានីថ្មី ដែលមានតម្លៃ៣២ពាន់លានដុល្លារ របស់ប្រធានាធិបតីលោក ចូកូ វីដូដូ (Joko Widodo) ប្រសិនបើលោកជាប់ឆ្នោតនៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

លោក អានីស បាសវេដាន (Anies Baswedan) ដែលជាអតីតអភិបាលក្រុងហ្សាការតាដ៏មានប្រជាប្រិយមួយរូប និងជាបេក្ខជនប្រធានាធិបតី ដែលទទួល​បានការគាំទ្រ ពីគណបក្សនយោបាយចំនួន៣ បានលើកឡើងថា ច្បាប់ត្រូវបានអនុម័តដោយសភារួចរាល់ហើយ ដើម្បីកសាងនូសានតារ៉ា (Nusantara) សម្រាប់ធ្វើជារដ្ឋធានីថ្មី ដូច្នេះហើយអ្នកណាក៏ដោយ ដែលទទួលជ័យជម្នះក្នុងការឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំក្រោយ ត្រូវតែសម្រេចគម្រោងនេះឱ្យបាន។

ថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅពេលត្រូវបានសួរនាំអំពីការប្តេជ្ញាចិត្តរបស់លោក ចំពោះគម្រោងរដ្ឋធានីថ្មីខាងលើ ដែលស្ថិតនៅកោះប័រណេអូ (Borneo) លោក អានីស បានឆ្លើយតបយ៉ាងដូច្នេះថា «រដ្ឋធានីថ្មីមិនមែនត្រឹមជាគំនិតមួយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាច្បាប់មួយរបស់ប្រទេស។ ដូច្នេះហើយ យើងរាល់គ្នានៅពេលស្បថចូលកាន់តំណែង ការធ្វើសច្ចារបស់យើងគឺត្រូវតែអនុវត្តវា»។

គួរបញ្ជាក់ថា លោក វីដូដូ បានប្រកាសពីគម្រោងនេះ កាលពីឆ្នាំ២០១៩ ក្រោមហេតុផលថា រដ្ឋធានីបច្ចុប្បន្នគឺនៅទីក្រុងហ្សាការតាលើកោះជ្វា ប្រឈមមុខ​ការកកស្ទះកាន់តែធ្ងន់ធ្ងរ ហើយកំពុងលិចចូលទៅក្នុងសមុទ្រដោយសន្សឹមៗថែមទៀតផង។ យ៉ាងណាមិញ ដំណើរការសាងសង់រដ្ឋធានីនូសានតារ៉ា បានជួបបញ្ហាមួយចំនួន រួមមានចាប់តាំងពីការពន្យារពេល ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ ហើយនិងការកើតមានមន្ទិលសង្ស័យនៅក្នុងចំណោមក្រុមវិនិយោគិនមួយចំនួន ដែលបារម្ភថាបុគ្គលដែលឡើងជាប្រធានាធិបតីថ្មី បន្ទាប់ពីលោក វីដូដូ នឹងបោះបង់គម្រោងនេះចោល។

លោក វីដូដូ មិនអាចឈរ​ឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៤ឡើយ ដ្បិតរូបលោកកាន់អំណាចបានគ្រប់២អាណត្តិទៅហើយ តាំងតែពីឆ្នាំ២០១៤មក។ លទ្ធផលស្ទង់មតិថ្មីចុងក្រោយ បានបង្ហាញថា អភិបាលខេត្តជ្វាកណ្តាល លោក ហ្កានចារ ប្រាណូវ៉ូ (Ganjar Pranowo) គឺជាអ្នកទទួលបានសំឡេងគាំទ្រច្រើនជាងគេ ខណៈនៅលេខរៀងទីពីរ គឺរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ហើយ​លេខបី គឺលោក អានីស៕