(គូឡាឡាំពួ)៖ យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិត និងជិត៣៥,០០០នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ក្នុងប្រទេសម៉ាឡេស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

រដ្ឋចូហូ (Johor) ភាគខាងត្បូងនៅតែជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមនុស្សចំនួន ៣១,៨៦៥នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះពីទឹកជំនន់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ បើតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួន ២០៩កន្លែង ត្រូវបានបើកនៅក្នុងទីក្រុងនានានៃរដ្ឋមួយនេះ។ ក្រៅពីរដ្ឋចូហូ ហើយនោះ រដ្ឋប៉េណាំង (Pahang) ណេជឺរី សិមប៊ីឡាន់ (Negeri Sembilan) និងម៉េឡាកា (Melaka) ក៏បានរងគ្រោះដោយទឹកជំនន់ផងដែរ ដោយសរុបនៅទូទាំងរដ្ឋចំនួន៣នេះ មានមជ្ឈមណ្ឌលសង្គ្រោះពីទឹកជំនន់ចំនួន ៤៤កន្លែង ដែលមានអ្នកជម្លៀសខ្លួន ចំនួន ៣,០០០នាក់។ ដោយឡែក នៅរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលស្ថិតនៅឯភាគខាងកើតប្រទេសម៉ាឡេស៊ី មានមនុស្សចំនួន ៤៣នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួនពីរកន្លែង។

គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានព្យាករថាភ្លៀងធ្លាក់នឹងបន្តវាយប្រហារផ្នែកជាច្រើននៃរដ្ឋចូហូ ចាប់ពីរសៀលថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃសៅរ៍។ រីឯ រដ្ឋប៉េណាំង ភ្លៀងនឹងន្តបធ្លាក់នៅកន្លែងមួយចំនួន ចាប់ ពីរសៀលថ្ងៃសុក្រ រហូតដល់យប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕