(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអបអរសាទរចំពោះលោក វ៉ូ វ៉ាន់ថឿង (Vo Van Thuong) ដែលត្រូវបានសភាវៀតណាមបោះឆ្នោតជ្រើសតាំងជា ប្រធានាធិបតីថ្មីរបស់វៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងខ្លឹមសារនៃលិខិតអបអរសាទរ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ថា «ទំនាក់ទំនងរវាងប្រទេសរបស់យើងគឺឈរលើមិត្តភាព និងការគោរពគ្នាទៅវិញទៅមក។ ខ្ញុំរំពឹងថាបេសកកម្មរបស់អ្នកក្នុងឋានៈ ជាប្រមុខរដ្ឋ នឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងរុស្ស៊ី និងវៀតណាម»។

លោក ពូទីន បានបន្ថែមថា «ការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាម គឺឆ្លើយតបនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយដើរតាមគន្លងឆ្ពោះទៅរកការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាជាតិរបស់ប្រទេសវៀតណាម បានរៀបចំការបោះឆ្នោតជ្រើសតាំងលោក វ៉ូ វ៉ាន់ថឿង ដែលជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស និងការិយាល័យនយោបាយ ឲ្យក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេស៕