(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង (Penny Wong) បាននិយាយថា លោកស្រីបានលើកឡើងអំពីបញ្ហាសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនជាមួយសមភាគីចិន ហើយបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបរវាងអ្នកទាំងពីរថា ប្រទេសទាំងអស់ចង់មើលឃើញចិនធ្វើរឿងដែល​ត្រឹមត្រូវ ហើយមិនផ្គត់ផ្គង់សព្វាវុធឱ្យដល់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី វ៉ុង បាននិយាយថា លោកស្រីបានលើកឡើងពីវិបត្តិសង្រ្គាមអ៊ុយក្រែន ក្នុងជំនួបរបស់លោកស្រី ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលត្រូវបានរៀបចំឡើងនៅទីក្រុងញូដេលី នៃប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ។ លោកស្រីប្រមុខការទូតអូស្រ្តាលី បានប្រាប់ក្រុមអ្នកកាសែតថា ការទទួលខុសត្រូវចម្បងសម្រាប់អ្វីដែលកើតឡើងនៅអ៊ុយក្រែន គឺស្ថិតនៅក្រោមបាតជើងរុស្ស៉ី​សុទ្ធសាធ ប៉ុន្តែពិភពលោកកំពុងសម្លឹងមើលចិន សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ដោយសារទំនាក់ទំនង​យ៉ាងជិតស្និទ្ធរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងមូស្គូ។

លោកស្រី វ៉ុង បានលើកឡើងដូច្នេះទៀតថា «ខ្ញុំចង់គូសបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បាននិយាយផ្ទាល់មាត់ថា រូបលោកចង់ជឿជាក់ថា ចិននឹងធ្វើរឿងដែលត្រឹមត្រូវហើយមិនបញ្ជូនអាវុធទៅកាន់រុស្ស៉ី។ មួយវិញទៀត វាមិនត្រឹមជាការអំពាវនាវរបស់អូស្រ្តាលីប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវរបស់ប្រទេសទាំងអស់»

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍នេះចុងក្រោយនេះ ទីក្រុងវ៉ាស៉ីនតោននិងសម្ព័ន្ធមិត្ត បាននិយាយថា ចិនទំនងជាកំពុងពិចារណាលើការផ្តល់អាវុធឱ្យរុស្ស៉ី ជាអ្វីដែលទីក្រុងប៉េកាំងបានចេញមុខច្រានចោល។ ក្នុងសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងតែព្យាយាមស្វែងរក​ការគាំទ្រពីក្រុមសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ស្តីពីលទ្ធភាពនៃការដាក់ទណ្ឌកម្មលើចិន ប្រសិនបើទីក្រុងប៉េកាំងផ្តល់ការគាំទ្រយោធាដល់រុស្ស៉ី សម្រាប់សង្រ្គាម​នៅអ៊ុយក្រែន៕