(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសុក្រនេះ បានប្រកាសថា នាវាមុជទឹករុស្ស៉ីមួយគ្រឿងដែលស្ថិតនៅតំបន់សមុទ្រជប៉ុន បានវាយប្រហារចំគោលដៅលើ​ដីគោកដែលស្ថិតនៅចម្ងាយជាង១,០០០គីឡូម៉ែត្រពីគ្នា ដោយប្រើប្រាស់មីស៉ីលគ្រូស ខាលីបឺ (Kalibr) ក្នុងលំហាត់យោធាមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីក៏បានបញ្ចេញវីដេអូនៃការធ្វើលំហាត់យោធាខាងលើផងដែរ។ ក្នុងនោះវីដេអូនោះ គេមើលឃើញមីស៉ីលគ្រូស ខាលីបឺ ចំនួនមួយគ្រាប់ ហោះចេញពីក្រោមផ្ទៃសមុទ្រ ហើយធ្លាក់ចំគោលដៅដែលស្ថិតនៅទីតាំងសម្រាប់ហ្វឹកហាត់របស់យោធារុស្ស៉ី ក្នុងតំបន់ខាបារ៉ូវ (Khabarovsk) ភាគខាងកើត​នៃប្រទេសរុស្ស៉ី។ ទីក្រុងមូស្គូដែលមានទំនាស់ទឹកដីជាមួយទីក្រុងតូក្យូរាប់ទសវត្សរ៍មកហើយ ជុំវិញទីប្រជុំកោះមួយនៅតំបន់ប៉ាស៉ីហ្វិក បានបន្ថែមថា កំលុងការធ្វើលំហាត់បាញ់មីស៉ីលនេះ ក៏មានការចល័តនាវា យន្តហោះ និងដ្រូន ក្នុងចំនួនមិនត្រូវបានបញ្ជាក់ផងដែរ។

គួរបញ្ជាក់ថា មីស៉ីលគ្រូសប្រភេទខាងលើនេះហើយ ដែលទីក្រុងមូស្គូប្រើក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ រុស្ស៉ីបានប្រើប្រាស់មីស៉ីល ខាលីបឺរ ក្នុងការវាយប្រហារលើគោលដៅផ្សេងៗនៅអ៊ុយក្រែន រួមមានទាំងស្ថានីយថាមពល តាមរយៈការបាញ់ពួកវាចេញពីនាវាចម្បាំងនិងនាវាមុជទឹក ដែលស្ថិតនៅ​តំបន់សមុទ្រខ្មៅ៕