(កង់បេរ៉ា)៖ របាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានស្រាវជ្រាវក្នុងប្រទេសអូស្រ្តាលី បានរកឃើញថា ចិនកំពុងនាំមុខគេលើពិភពលោក ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗចំនួនដល់ទៅ ៣៧ក្នុងចំណោម៤៤ ខណៈដែលក្រុមប្រទេសលោកខាងលិចស្ថិតនៅលេខរៀងខាងក្រោយប៉ុណ្ណោះ ក្នុងការប្រកួតប្រជែងសម្រាប់របកគំហើញផ្នែកវិទ្យាសាស្រ្តនិងស្រាវជ្រាវថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ដោយវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្តអូស្រ្តាលី ASPI ចិនស្ថិតនៅទីតាំងមួយ ដែលកំពុងតែឆ្ពោះទៅរកតំណែងជាប្រទេស​កំពូលមហាអំណាច ផ្នែកបច្ចេកវិទ្យារបស់ពិភពលោក ដោយបច្ចុប្បន្ននេះចិនកំពុងគ្របដណ្តប់រួចស្រេចលើផ្នែកបច្ចេកវិទ្យាជាច្រើន មានចាប់តាំងពីការពារជាតិ អវកាស រ៉ូបូត ថាមពល បរិស្ថាន ជីវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វត្ថុធាតុដើមទំនើបៗ ហើយនិងបច្ចេកវិទ្យាក្វានទុម (quantum) គន្លឹះៗ ជាដើម។ យោងតាមវិទ្យាស្ថាន ASPI គ្រឹះស្ថានស្រាវជ្រានាំមុខគេទាំង១០ របស់ពិភពលោក សម្រាប់បច្ចេកវិទ្យាមួយចំនួន គឺមានទីតាំងស្ថិតនៅក្នុងប្រទេសចិនផ្ទាល់។

ដោយឡែក សហរដ្ឋអាមេរិកនាំមុខតែក្នុងបច្ចេកវិទ្យាសំខាន់ៗចំនួន៧ប៉ុណ្ណោះ រួមមានទាំងផ្នែកបាញ់បង្ហោះយានអវកាស និងក្វានទុមកុំព្យូធីង (quantum computing)។ ចំណែកចក្រភពអង់គ្លេសនិងឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ សម្រាប់បច្ចេកវិទ្យាចំនួន២៩ ក្នុងចំណោម៤៤ ខណៈ​កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ សម្រាប់បច្ចេកវិទ្យាចំនួន២០ និងសម្រាប់បច្ចេកវិទ្យាចំនួន១៧។

វិទ្យាស្ថាន ASPI បានលើកឡើងថា ភាពរីកចម្រើនកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ដែលបើតាម ASPI គឺដោយសារតែការរៀបចំ​គោលនយោបាយប្រកបដោយចក្ខុវិស័យវែងឆ្ងាយនោះ គួរតែជាការដាស់តឿនឱ្យភ្ញាក់រឭកមួយសម្រាប់លោកខាងលិច។ នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួន ភ្ជាប់ជាមួយរបាយការណ៍ខាងលើ ASPI បាននិយាយថា សម្រាប់ពេលអនាគត ការនាំមុខរបស់ចិននាពេលនេះ មិនមែនត្រឹមមានន័យថា ចិនបានត្រៀមលក្ខណៈ​ ដើម្បីអភិវឌ្ឍខ្លួនឱ្យខ្លាំងតែក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបច្ចុប្បន្នស្ទើរគ្រប់ផ្នែកប៉ុណ្ណោះទេ ប៉ុន្តែចិនក៏បានត្រៀមសម្រាប់បច្ចេកវិទ្យានាថ្ងៃខាងមុខ ដែលឥឡូវពុំទាន់មាននៅឡើយផងដែរ។

គួរបញ្ជាក់ថា វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្តអូស្រ្តាលី ASPI ទទួលបានមូលនិធិពីរដ្ឋាភិបាលប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងពីប្រភពវិស័យឯកជនផងដែរ រួមមានដូចជាឧស្សាហកម្មផ្នែកការពារជាតិនិងបច្ចេកវិទ្យាជាដើម៕