(មូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និយាយថា រុស្ស៊ីបានរងនូវ «ការវាយប្រហារភេរវកម្ម» លើតំបន់ប្រ៊ីយាន់ស្ក៍ (Bryansk) ដែលស្ថិតភាគខាងត្បូងប្រទេសជាប់ព្រំដែនអ៊ុយក្រែន ហើយប្តេជ្ញាថានឹងសងសឹកចំពោះក្រុមអ្នកជាតិនិយមអ៊ុយក្រែន ដែលធ្វើការបាញ់ប្រហារលើជនស៊ីវិល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

ទីក្រុងមូស្គូចោទថា ក្រុមនេះបានធ្វើដំណើរឆ្លងកាត់ព្រំដែន ហើយធ្វើសកម្មភាពបាញ់ប្រហារលើរថយន្តមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសកុមារម្នាក់ ព្រមទាំងចាប់ពួកគេជាចំណាប់ខ្មាំងនៅក្នុងហាងមួយកន្លែង។ ចំណែកទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ី បានឲ្យដឹងថា «ក្រុមអ្នកជាតិនិយមអ៊ុយក្រែនទាំងនោះ» ត្រូវប្រដេញឲ្យត្រឡប់ទៅវិញតាមព្រំដែនអ៊ុយក្រែន ដើម្បីជៀសវាងការស្លាប់ និងរបួសជនស៊ីវិល ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប៉ុន្តែក្រុមនេះនឹងត្រូវកំណត់គោលដៅជាមួយនិង «ការវាយប្រហារដោយកាំភ្លើងធំ»។

ក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ លោក ពូទីន បានគូសបញ្ជាក់ថា «ពួកគេនឹងមិនសម្រេចបានអ្វីទាំងអស់។ យើងនឹងកម្ទេចពួកគេ»។ យ៉ាងនេះក្តីទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak) បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «រឿងរ៉ាវអំពីក្រុមអ្នកជាតិនិយមអ៊ុយក្រែននៅក្នុងទឹកដីរុស្ស៊ី គឺជាការបង្កហេតុដោយចេតនាហួសសម័យ»។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍អំពីការបាញ់ផ្លោង និងការបំផ្លិចបំផ្លាញជាបណ្តើរៗ នៅឯតំបន់ព្រំដែនរបស់រុស្ស៊ីកាន់តែកើតមានឡើង គិតចាប់តាំងពីទីក្រុងមូស្គូបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ពីខែកុម្ភៈ ឆ្នាំ២០២២៕