(កៀវ)៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញរូបភាពវីដេអូមួយ ដែលបង្ហាញពីក្រុមរបស់ខ្លួនកំពុងស្ថិតនៅក្នុងទីក្រុងបាកមូត (Bakhmut) ជាទីក្រុងតូចមួយរបស់អ៊ុយក្រែន ដែលក្រុម Wagner វាយប្រយុទ្ធដើម្បីដណ្តើមគ្រប់គ្រងអស់រយៈពេលជាច្រើនខែមក។ នេះបើយោងតាមការដកផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

រូបភាពដែលបានមកពីវីដេអូនោះ បង្ហាញឲ្យឃើញបុរសស្លៀកឯកសណ្ឋានមួយក្រុម មានលើកស្លាកសញ្ញា Wagner ពីលើអគារច្រើនជាន់ដែលបានបាក់បែកពាក់កណ្តាល។ បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះ បានរាំ និងកាន់ហ្គីតា ថែមទៀតផង។ Reuters កំណត់បានទីតាំងភូមិសាស្ត្រនៃវីដេអូនោះថា ស្ថិតនៅឯភាគខាងកើត ចម្ងាយប្រហែល២គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុងបាកមូត។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់កាលបរិច្ឆេទ ដែលត្រូវបានថតនោះទេ។

ដោយដកស្រង់ចេញពីសារនៅលើ Telegram អង្គភាពព័ត៌មានរបស់លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានសរសេរថា «នៅព្រឹកនេះ យុទ្ធជនក្មេងៗរបស់យើង បានថតវីដេអូពីទិដ្ឋភាពនៅបាកមូត ជាពិសេសនៅចំកណ្តាលទីក្រុងតែម្តង»។

គួរបញ្ជាក់ថា ក្រុមទាហានស៉ីឈ្នួល Wagner បានដឹកនាំការវាយលុករបស់រុស្ស៊ីលើទីក្រុងបាកមូត ដែលមានប្រជាជនរស់នៅមុនសង្គ្រាមចំនួន ៧៥,០០០នាក់ ដោយមានភាពជឿនលឿនទៅមុខជាលំដាប់ និងកាន់តែកើនឡើងនៅជុំវិញជាយក្រុងក្នុងនារយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបង្កគ្រោះថ្នាក់ដល់ខ្សែការពាររបស់អ៊ុយក្រែន៕