(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៊ីល លោក លូអ៉ីស អ៉ីណាស្យ៉ូ លូឡា ដា ស៉ីលវ៉ា (Luiz Inacio Lula da Silva) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកនឹងលើកទឹកចិត្តប្រទេសនានាឲ្យចូលរួមកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

បន្ទាប់ពីបាននិយាយតាមប្រព័ន្ធវីដេអូជាមួយលោក ហ្សេលេនស្គី លោក លូឡា បានបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារបស់ប្រេស៊ីល ក្នុងការនិយាយជាមួយ ប្រទេសផ្សេងទៀត និងចូលរួមក្នុងគំនិតផ្តួចផ្តើមណាមួយដែលទាក់ទងនឹងការកសាងសន្តិភាព និងកិច្ចសន្ទនាគ្នា»

ចំណែក លោក ហ្សេលេនស្គី ក៏បានសរសេរលើ Twitter យ៉ាងដូច្នេះដែរថា «យើងបានពិភាក្សាអំពីកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីនាំសន្តិភាពមកអ៊ុយក្រែន និងពិភពលោកវិញ។ ខ្ញុំក៏បានអរគុណដល់លោក លូឡា សម្រាប់ការបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានសន្តិភាព និងទាមទារឲ្យទីក្រុងម៉ូស្គូដកកងទ័ពរបស់ខ្លួន ពីសំណាក់ប្រេស៊ីលកាលពីសប្តាហ៍មុន»

គួរបញ្ជាក់ថា បើតាមការិយាល័យប្រធានាធិបតីប្រេស៉ី លោក ហ្សេលេនស្គី បានអញ្ជើញលោក លូឡា ឲ្យទៅធ្វើទស្សនកិច្ចនៅទីក្រុងកៀវ។ នាខែមេសាខាងមុខនេះ លោក លូឡា ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពជាមួយចិន នៅពេលដែលលោកធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង និងជាមួយប្រទេសរុស្ស៊ីផងដែរ៕