(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វលីពីន លោក កាលីតូ ហ្កាល់វែស (Carlito Galvez) បាននិយាយថាការសម្រេចចិត្តដោយហ្វីលីពីន ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន បន្ថែម មិនមែនសម្រាប់ការចូលរួមក្នុងសង្រ្គាម ឬការឈ្លានពានណាមួយនោះទេ ប៉ុន្តែគឺដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯងប្រឆាំងនឹងការគំរាមកំហែងតែប៉ុណ្ណោះ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក កាលីតូ ហ្កាល់វែស បានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពភូមិសាស្ត្រនយោបាយក្នុងពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់បំផុត... យើង មិនមែនកំពុងត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមនោះទេ តែយើងមានគោលដៅអភិវឌ្ឍសមត្ថភាពយោធារបស់យើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងជាយថាហេតុណាមួយមកលើសន្តិសុខរបស់យើង»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក កាលីតូ ហ្កាល់វែស កើតមានឡើង ក្រោយព្រឹទ្ធសភាមួយចំនួននៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញការព្រួយបារម្ភ និងការប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់ លោកប​្រធានាធិបតី Ferdinand Marcos Jr ដែលសម្រេចអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនចំនួន៤បន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនមូលដ្ឋានទ័ពដែលអាមេរិក អាចប្រើបានកើនដល់ ៩។ ការសម្រេចចិត្តនេះទៀតសោតធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធាឆ្នាំ២០១៤ ឬហៅកាត់ថា EDCA៕