(ញូវដែលី)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបាននិយាយថា កិច្ចប្រជុំរបស់អ្នកការទូតកំពូលមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿន និងអភិវឌ្ឍន៍ដែលហៅកាត់ថា G20​ បានបញ្ចប់ទៅនៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងញូវដេលី ដោយគ្មានការឯកភាពគ្នាលើសង្រ្គាមអ៊ុយក្រែនទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២​ ខែមីនា ឆ្នាំ២០២៣។

លោក Subrahmanyam Jaishankar បាននិយាយថាមាន «ភាពខុសគ្នា» លើបញ្ហានៃសង្រ្គាមនៅអ៊ុយក្រែនថា «យើងមិនអាចផ្សះផ្សាបានទេពីព្រោះភាគីផ្សេងគ្នាមានទស្សនៈខុសគ្នា»

កាលពីសប្តាហ៍មុន ឥណ្ឌាត្រូវបានបង្ខំឱ្យចេញសេចក្តីសង្ខេបរបស់ប្រធានសម្របសម្រួល នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បន្ទាប់ពីរុស្ស៊ី និងចិនបានជំទាស់នឹងសេចក្តីថ្លែងការណ៍រួម ដោយរក្សាភាសាស្តីពីសង្គ្រាមនៅអ៊ុយក្រែន
ដែលត្រូវបានដកស្រង់ដោយផ្ទាល់ពីកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំមុនឱ្យនៅដដែល។

ម្ចាស់ផ្ទះឥណ្ឌាបានទទូចដល់សមាជិកទាំងអស់ នៃក្រុម G20 ដែលមានភាពប្រេះឆា ឱ្យឈានដល់ការឯកភាពគ្នាលើបញ្ហា ដែលជាកង្វល់របស់ប្រទេសក្រីក្រ បើទោះបីជាមានការខ្វែងគំនិតគ្នារវាងលើកខាងកើត-ខាងលិចកាន់តែទូលំទូលាយលើអ៊ុយក្រែន មិនអាចដោះស្រាយបានក៏ដោយ។

ឥណ្ឌាចង់ឱ្យតួរនាទីជាប្រធាន G20 របស់ខ្លួន ផ្តោតលើបញ្ហាដូចជាការកាត់បន្ថយភាពក្រីក្រ និងហិរញ្ញវត្ថុអាកាសធាតុ ប៉ុន្តែរហូតមកដល់ពេលនេះសង្រ្គាមអ៊ុយក្រែនបានគ្របដណ្តប់របៀបវារៈផ្សេងទៀតស្ទើរទាំងស្រុង៕