(ឡុងដ៍)៖ បើគ្មានសកម្មភាពធំដុំទេ ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក នឹងមានជំងឺលើសទម្ងន់ ឬមានជំងឺធាត់ជ្រុលនៅត្រឹមឆ្នាំ២០៣៥ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣។

សហព័ន្ធភាពធាត់ពិភពលោកព្យាករណ៍ថា ៥១ភាគរយនៃប្រជាជនពិភពលោក ឬជាង ៤ពាន់លាននាក់ នឹងមានជំងឺធាត់ ជ្រុល ឬលើសទម្ងន់ក្នុងរយៈពេល ១២ឆ្នាំខាងមុខ។

របាយ​ការណ៍​បាន​រក​ឃើញ​ថា អត្រា​ធាត់​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ជាពិសេស​ក្នុង​ចំណោម​កុមារ និង​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។

លោកស្រី Louise Power ប្រធានសហព័ន្ធភាពធាត់ពិភពលោកបានហៅទិន្នន័យនេះថាជា «ការព្រមានច្បាស់លាស់» ហើយបាននិយាយថា អ្នកបង្កើតគោលនយោបាយចាំបាច់ត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីការពារស្ថានភាពកុំឱ្យកាន់តែអាក្រក់ឡើង។

លោកស្រីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «វាជាការព្រួយបារម្ភជាពិសេសក្នុងការឃើញអត្រានៃការធាត់កើនឡើងយ៉ាងលឿនបំផុត ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់"

របាយការណ៍បានរកឃើញថា ភាពធាត់ក្នុងវ័យកុមារអាចកើនឡើងទ្វេដងពីកម្រិតឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២០ មនុស្ស ២.៦ពាន់លាននាក់ធ្លាក់ចូលទៅក្នុងប្រភេទជំងឺនេះ
ឬ៣៨ភាគរយនៃចំនួនប្រជាជនពិភពលោក។

របាយការណ៍នេះក៏បានរកឃើញផងដែរថា ស្ទើរតែគ្រប់ប្រទេសដែលរំពឹងថា នឹងឃើញការកើនឡើងនៃភាពធាត់ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំខាងមុខនេះ គឺជាប្រទេសដែលមានចំណូលទាប ឬមធ្យមនៅអាស៊ី និងអាហ្វ្រិក៕