(ឌូបៃ)៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅអេមីរ៉ាត់អារ៉ាប់រួម បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងអង់គ្លេសស្ទាប់បានទូកល្បឿនលឿន១គ្រឿង ដែលលួចដឹកជញ្ជូនអាវុធរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងមីស៉ីលប្រឆាំងរថក្រោះ នៅលើដែនសមុទ្រក្បែរឆ្នេរប្រទេសអូម៉ង់ ក្នុងប្រតិបត្តិការរួមគ្នាមួយជាមួយ​កងកម្លាំងអាមេរិកកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ស្ថានទូតអង់គ្លេសបានបន្ថែមថា ទូកខាងលើដែលធ្វើដំណើរក្នុងល្បឿនលឿន ក្នុងពេលព្រលប់នៅលើដែនទឹកអន្តរជាតិ ត្រូវបានប្រទះឃើញជាដំបូងដោយ​​ការឈ្លបការណ៍របស់អាមេរិកពីលើផ្ទៃអាកាស។ ទូកមួយគ្រឿងនោះ មានគោលដៅធ្វើដំណើរចេញពីប្រទេសអ៉ីរ៉ង់ឆ្ពោះទៅភាគខាងត្បូង ហើយត្រូវស្កាត់ជាប់​ដោយកងកម្លាំងរបស់នាវាចម្បាំងអង់គ្លេស HMS Lancaster មុនពេលវាអាចគេចខ្លួនត្រលប់ចូលទៅក្នុង ដែនទឹកអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់វិញបាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ។ ប្រភេទអាវុធដែលត្រូវរឹបអូសបាន រួមមានទាំងសមាសធាតុផ្សំនៃមីស៉ីលបាលិស្ទីគរយៈចម្ងាយមធ្យម ហើយនិងមីស៉ីលប្រឆាំង​រថក្រោះ។

គួរបញ្ជាក់ថា បើតាមយោធាអាមេរិកប្រចាំតំបន់ ការស្ទាប់ចាប់ខាងលើកើតឡើង នៅម្តុំច្រកផ្លូវដែលពីមុនមកតែងត្រូវបានប្រើប្រាស់ សម្រាប់ការលួចដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសយេម៉ែន ដែលស្ថិតក្នុងសង្រ្គាមស៉ីវិលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីខែមករា កងទ័ពជើងទឹក​របស់សហរដ្ឋអាមេរិក ក៏បានអះអាងថា ខ្លួនរឹបអូសបានកាំភ្លើងវែងជាង២,០០០ដើម ដែលលួចដឹកជញ្ជូនតាមទូកនេសាទមួយគ្រឿង នៅលើផ្លូវសមុទ្រចេញពី​អ៉ីរ៉ង់ឆ្ពោះទៅយេម៉ែនផងដែរ៕