(ញូដេលី)៖ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) នៅថ្ងៃព្រហស្បតិ៍នេះ លោក ឈិន កាង (Qin Gang) រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា អំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីចុងខែកុម្ភៈរបស់សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន លោក វ៉ាង យី (Wang Yi) រុស្ស៉ី និងចិន បានឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងយ៉ាងទូលំទូលាយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

លោក ឡារ៉ូវ និងលោក ឈិន បានជួបគ្នានៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 និងជាលើកដំបូងរវាងចាប់តាំងពី លោក ឈិន កាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន។ នាឱកាសនោះ លោក ឈិន បានគូសបញ្ជាក់ថា «សូមអរគុណចំពោះការណែនាំជាយុទ្ធសាស្ត្រ នៃមេដឹកនាំរបស់យើង។ ទំនាក់ទំនងរបស់យើងបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងល្អប្រសើរដោយធ្វើជាគំរូវិជ្ជមាន នៃទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចធំៗ»។

លោករដ្ឋមន្រ្តីការបរទេសចិន បានបន្ថែមថា «ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅរុស្ស៊ី នាពេលថ្មីៗនេះទទួលបានជោគជ័យ ហើយសម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើន។ ជាមួយគ្នានោះ យើងក៏ឆ្លៀតឱកាសពិភាក្សាគ្នារាល់បញ្ហា ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។

គូរបញ្ជាក់ថា មន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីនៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ដោយបានជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ប្រមុខទីប្រឹក្សាសន្តិសុខ លោក នីកូឡៃ ផាទ្រូសេវ (Nikolay Patrushev) រួមទាំងរដ្ឋមន្ត្រីការបរទេស លោក សឺហ្គៃ ឡារ៉ូវ៕