(គូឡាឡាំពួ)៖ មនុស្សជាង ២៧,០០០នាក់ត្រូវបានជម្លៀសចេញនៅក្នុងរដ្ឋចូហូ (Johor) ប៉េណាំង (Pahang) ណេជឺរី សិមប៊ីឡាន (Negeri Sembilan) និងម៉េឡាកា (Melaka) របស់ប្រទេសម៉ាឡេស៉ី ដោយសារតែផ្ទះរបស់ពួកគេត្រូវបានលិចលង់ដោយទឹកជំនន់ ដែលបង្កឡើងដោយសារតែ ភ្លៀងធ្លាក់ខ្លាំងនៃខ្យល់មូសុងឦសាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៉ី Bernama បានឲ្យដឹងថា រដ្ឋចូហូ គឺជាកន្លែងដែលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សជាង ២៥,០០០នាក់ ត្រូវបានជម្លៀសទៅមជ្ឈមណ្ឌលសង្គ្រោះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ រីឯ រដ្ឋប៉េណាំង ចំនួនអ្នកជម្លៀសខ្លួននៅក្នុងស្រុកចំនួន ៥បានកើនឡើងដល់ចំនួន ១,៣៧៥នាក់ ហើយពួកគេទាំងអស់ត្រូវបានគេដាក់នៅមជ្ឈមណ្ឌលសង្គ្រោះចំនួន ២៦។ ដោយឡែក មនុស្សជាង ៧០០នាក់ត្រូវជម្លៀសនៅរដ្ឋណេជឺរី សិមប៊ីឡាន ខណៈដែលអ្នកជម្លៀសខ្លួននៅរដ្ឋម៉េឡាកា បានកើនឡើងដល់ ៦៧នាក់។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានព្យាករនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងនឹងបន្តធ្លាក់មកលើផ្នែកជាច្រើននៃរដ្ឋចូហូ ចាប់ពីរសៀលរហូតដល់ យប់ថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមនាយកដ្ឋានប្រព័ន្ធធារាសាស្រ្តម៉ាឡេស៉ី កម្រិតទឹកនៃទន្លេចំនួន១៦ ក្នុងរដ្ឋចូហូ បានជន់ឡើងលើសកម្រិតគ្រោះថ្នាក់ហើយ គិតត្រឹមម៉ោង ១១ព្រឹកនេះ។

គួរបញ្ជាក់ថា កាលពី ៣ខែមុន រដ្ឋជាច្រើនរួមទាំងរដ្ឋចូហូ ធ្លាប់រងការវាយប្រហារដោយទឹកជំនន់ខ្លាំងក្លារួចមកហើយ ដោយមនុស្សជាង៧០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ ទឹកជំនន់គឺជាបាតុភូតគ្រោះធម្មជាតិប្រចាំឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារខ្យល់មូសុងឦសាន ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកាដល់ខែមីនា៕