(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបេសកកម្មថ្មីទៀត សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ដើម្បីនាំយកក្រុមអវកាសយានិកចំនួន៤នាក់ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

យានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែតអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX បានហោះឡើងចេញពីផ្ទៃផែនដី កាលពីម៉ោង១២៖៣៥នាទីយប់កណ្តាលអធ្រាត្រ (ពេលវេលាក្នុងតំបន់នៅភាគខាងកើតសហរដ្ឋអាមេរិក) នៅមជ្ឈមណ្ឌលអវកាស ខេនណឺឌី (Kennedy Space Center) ស្ថិតក្នុង​រដ្ឋផ្លូរីដា (Florida)។ យាន Crew Dragon នឹងត្រូវចំណាយពេលជិត២៥ម៉ោង ទើបទៅដល់ស្ថានីយអវកាស ISS ដែលស្ថិតនៅរយៈកម្ពស់ប្រមាណជា ៤២០គីឡូម៉ែត្រពីផ្ទៃផែនដី។

គួរបញ្ជាក់ថា បេសកកម្មខាងលើ គឺជាបេសកកម្មទី៦ហើយ របស់ក្រុមហ៊ុន SpaceX សម្រាប់ NASA ក្នុងការបញ្ជូនក្រុមអវកាសយានិក ឱ្យទៅស្នាក់នៅរយៈពេល​វែងលើស្ថានីយ ISS។ សមាសភាពអវកាសយានិក ក្នុងបេសកកម្មថ្មីចុងក្រោយគេនេះ រួមមានអវកាសយានិកអាមេរិក២នាក់ អវកាសយានិករុស្ស៉ី ១នាក់ និងអវកាសយានិកអេមីរ៉ាត់អារ៉ាប់រួម ១នាក់។ អ្នកទាំង៤ នឹងត្រូវស្វាគមន៍ដោយអវកាសយានិកសរុប៧នាក់ ដែលកំពុងស្ថិតនៅលើស្ថានីយ ISS ស្រាប់ ខណៈអវកាសយានិក៤នាក់ នៃបេសកកម្មកាលពីខែតុលា ឆ្នាំមុនរបស់ SpaceX នឹងត្រូវចុះមកផែនដីវិញ ក្នុងពេលឆាប់ៗខាងមុខ ក្រោយការទៅដល់របស់ក្រុមថ្មី៕