(ញូដេលី)៖ នាយរដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី (Narendra Modi) បានអំពាវនាវដល់ក្រុមរដ្ឋមន្រ្តីការបរទេសនៃប្រទេស G20 នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសកលលោក កំលុងពេលបើកកិច្ចប្រជុំមួយដែលហាក់ដូចជា គ្របដណ្តប់ដោយសង្រ្គាមរយៈពេលមួយឆ្នាំ របស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ប្រទេសឥណ្ឌាដែលកាន់តំណែងជាប្រធានប្លុក G20 នៅឆ្នាំ២០២៣នេះ បានបដិសេធស្តីបន្ទោសរុស្ស៊ីចំពោះសង្គ្រាម ហើយបានស្វែងរកដំណោះស្រាយ តាមមធ្យោបាយការទូត ខណៈកំពុងបង្កើនការទិញប្រេងពីរុស្ស៊ី។ ចំណែកឯ រុស្ស៊ីបាននិយាយថា ខ្លួននឹងប្រើប្រាស់កិច្ចប្រជុំនេះដើម្បីប្រាប់ដល់ពិភពលោក ថាតើអ្នកណាដែលត្រូវទទួលខុសត្រូវ ចំពោះវិបត្តិនយោបាយ និងបញ្ហាសេដ្ឋកិច្ចដែលពិភពលោកជួបប្រទះ។ ប៉ុន្តែគណៈប្រតិភូអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្ថិតនៅទីក្រុងញូដេលី សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនោះ បានអះអាងជាថ្មីថា ពួកគេចាត់ទុករុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះជម្លោះនេះ ដោយភាគីអាល្លឺម៉ង់និយាយថា ខ្លួននឹងប្រើប្រាស់កិច្ចប្រជុំនេះដើម្បីប្រឆាំងនឹង «ការឃោសនា» របស់រុស្ស៊ី។

ថ្លែងតាមរយៈវីដេអូបើកកិច្ចប្រជុំ លោក ម៉ូឌី បានគូសបញ្ជាក់ថា «យើងកំពុងរៀបចំកិច្ចប្រជុំ ក្នុងពេលដែលមានការបែងចែកពិភពលោកយ៉ាងស៊ីជម្រៅ។ យើងមិនគួរអនុញ្ញាតឲ្យបញ្ហា ដែលយើងមិនអាចដោះស្រាយជាមួយគ្នាបាន មកលាយឡំនឹងបញ្ហាដែលយើងអាចធ្វើបាននោះទេ»។

គួរបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G20 បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 បានបញ្ចប់ទៅដោយការចេញ «ឯកសារសង្ខេប និងលទ្ធផលរបស់ប្រធានប្លុក» តែប៉ុណ្ណោះ ជំនួសឲ្យសេចក្តីថ្លែងការណ៍រួម ដោយសារបញ្ហាខ្វះការឯកភាពគ្នា ក្នុងចំណោមសមាជិកដែលថ្កោលទោសរុស្ស៊ី។ កិច្ចប្រជុំនៅទីក្រុងញូដេលីនេះ មានការចូលរួមដោយគណៈប្រតិភូចំនួន៤០ រួមទាំងក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន និងរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង៕