(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានយល់ព្រមឱ្យមានការលក់ មីស៉ីលគិតជាទឹកប្រាក់សរុបស្មើនឹង ៦១៩លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 ទៅកោះតៃវ៉ាន់ ខណៈទង្វើនេះត្រូវគេរំពឹងថា មុខជានឹងនាំឱ្យចិនបញ្ចេញប្រតិកម្មខឹងសម្បារទៀតជាមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

កញ្ចប់នៃការលក់មីស៉ីលខាងលើ រួមមានមីស៉ីល AGM-88B HARM ចំនួន១០០គ្រាប់, AIM-120C-8 AMRAAM ចំនួន២០០គ្រាប់ ព្រមទាំងសម្ភារ និងមីស៉ីលមិនពិតសម្រាប់ការហ្វឹកហាត់របស់យន្តហោះចម្បាំង F-16 ផងដែរ។ ក្រសួងការពារជាតិអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការលក់មីស៉ីលនេះនឹងជួយជំរុញសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការការពារដែនអាកាសរបស់ខ្លួនផ្ទាល់ ក៏ដូចជាសន្តិសុខក្នុងតំបន់ ហើយពង្រឹងសមត្ថភាព​ធ្វើប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងការលក់សព្វាវុធខាងលើ ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរ ដោយនិយាយថា វាស្របទៅតាម​ច្បាប់ទំនាក់ទំនងតៃវ៉ាន់របស់សហរដ្ឋអាមេរិក និងគោលនយោបាយចិនតែមួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលទទួលស្គាល់ថាប្រទេសចិនគឺមានតែមួយ​គត់។ ចំណែកតៃវ៉ាន់វិញបានសម្តែងការស្វាគមន៍ចំពោះការលក់អាវុធអាមេរិក ដែលជាលើកទីមួយសម្រាប់ឆ្នាំនេះ និងជាលើកទី៩ នៅក្រោមអាណត្តិប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនគឺជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់ទីក្រុងតៃប៉ិ នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំផងដែរ បើទោះបីជាភាគី​ទាំងពីរ ពុំមានទំនាក់ទំនងការទូតផ្លូវការរវាងគ្នាក៏ដោយ។ ការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់នេះហើយ គឺជាមូលហេតុចម្បងមួយ នៃភាពមិនចុះសម្រុងគ្នា​នៅក្នុងទំនាក់ទំនងអាមេរិក-ចិន៕