(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ប៉ូលិស FBI បានចាប់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យថាបានព្យាយាមនាំយក គ្រឿងផ្ទុះឡើងលើយន្តហោះ នៅក្នុងរដ្ឋផេនស៉ីលវ៉ានៀ (Pennsylvania) នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

គ្រឿងផ្ទុះខាងលើដែលជាគ្រាប់បែកកែច្នៃ ត្រូវបានរកឃើញដោយបុគ្គលិករបស់រដ្ឋបាលសន្តិសុខ​ផ្នែកដឹកជញ្ជូន TSA កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីវ៉ាលីរបស់បុរសជាជនសង្ស័យ បានបង្កឱ្យមានសំឡេងប្រកាសអាសន្ន នៅពេលឆ្លងកាត់ការត្រួតពិនិត្យ នៅក្នុង​អាកាសយានដ្ឋានអន្តរជាតិ លីហៃ វ៉ាឡេ (Lehigh Valley International Airport) ដែលស្ថិតក្នុងទីក្រុងអេលែនថោន (Allentown)។ ទីតាំងមួយផ្នែកនៃព្រលានយន្តហោះនោះ ត្រូវបានជម្លៀសមនុស្សចេញ ដើម្បីជាវិធានការបង្ការ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានប៉ូលិសអាមេរិក កំណត់អត្តសញ្ញាណបានថា មានឈ្មោះ ម៉ាក ម៉ាហ្វលី (Mark Muffley) ដែលបានគេចខ្លួនចេញពី​អាកាសយានដ្ឋាន Lehigh Valley បន្ទាប់ត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅបញ្ជរសន្តិសុខរបស់ព្រលានយន្តហោះ។ ក្រោយមក បុរសម្នាក់នោះក៏ត្រូវបានក្រុមភ្នាក់ងារ FBI ចាប់ខ្លួននៅនឹងផ្ទះរបស់លោកផ្ទាល់ ដើម្បីយកទៅសួរចម្លើយ៕